គ្រួសារ​យោធិន​អតីត​យុទ្ធ​​ប្រជាពលរដ្ឋ​ក្រី​ក្រ​ជាង​២០០នាក់ទទួលបានពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីរក្សាព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនដល់ក្រុមគ្រួសារកងទ័ព ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រជាង២០០នាក់ ដោយឥតគិតថ្លៃ ដែលបានសហការជាមួយនឹងក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន និងបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម វិធីនេះត្រូវបានធ្វើឡើងនៅទីគីលានដ្ឋាន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៩។ក្រុមគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតលំបាក បានអញ្ជើញមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលបានរៀបចំនៅក្នុងបរិវេណគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករងកំពង់ធំ ក្នុងការគៀងគរសម្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីការងារមនុស្សធម៌ ជួយដល់គ្រួសារ​យោធិន​ អតីត​យុទ្ធ​ និង​ប្រជាពលរដ្ឋ​ក្រី​ក្រ បានពិនិត្យនិងព្យាបាលសុខភាព ។សកម្មភាពពិនិត្យនិងព្យាបាលជំងឺ គឺត្រូវបានពិនិត្យជំងឺទូទៅ ពាក់ព័ន្ឋនិងសុខភាព ដោយក្រុម​គ្រូពេទ្យ​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្រោមការជំនួយឧបត្ថម្ភ​ថ្នាំ​ពេទ្យ​ និង​គ្រឿង​ឧបភោគ​បរិភោគ​ ពី​គណបញ្ជាការ​យោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម​ និង​សាខា​ក្រុមហ៊ុន​មិត្តហ្វូន​ប្រចាំ​ខេត្ត​កំពង់ធំ ​ចំពោះបងប្អូនដែលបានអញ្ជើញ មកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃហើយបានបើកថ្នាំជូន រួមទាំងបានឧបត្ថម្ភបន្ថែមក្នុងម្នាក់ អង្ករ១២គ.ក និងត្រីខ ១២កំប៉ុងផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា បញ្ជាការតំបន់ប្រតិ​បត្តិការសឹករងកំពង់ធំ បានរៀបចំកម្មវិធីមនុស្សធម៌ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃជូនបងប្អូនជាច្រើនទីតាំងដូចជានៅក្នុងឃុំបន្ទាយស្ទោង និងក្រុងស្ទឹងសែន ដែលមានបងប្អូនតាមបណ្តាស្រុកមកចូលរួម ពិនិត្យរាប់ពាន់នាក់មកហើយ គឺក្នុងគោលបំណងផ្តោតលើការងារមនុស្សធម៌ ជួយដល់ក្រុមគ្រួសារយោធិន និងប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាពទៅព្យាបាលជំងឺ ក្នុងនោះគិលានដ្ឋានតំបន់ប្រតិ​បត្តិការសឹក ក៏មានរថយន្តសង្រ្គោះបន្ទាន់សម្រាប់ជួយសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺទាំងយប់ទាំងថ្ងៃដោយឥតគិតថ្លៃ ក្នុងប្រយោជន៍បម្រើប្រជាពលរដ្ឋដោយស្មោះ ស្របតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ដើម្បីការបន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ។ដោយឡែក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ជាពិសេសគឺត្រូវយកចិត្តទុកដាក់បំផុតទៅលើ ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត  និងបានកោតសរសើរដល់ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់លទ្ធភាព ដើម្បីបម្រើគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាជនយើងក្នុងការព្យាបាលជម្ងឺ តាមបច្ចេកទេសជំនាញនីមួយៗ ដោយអស់ពីសមត្ថភាព។ដោយ ប៊ុន រដ្ឋា