អភិបាល​ខេត្ត​កំពង់ចាម​ ចុះ​ពិនិត្យ​ស្ថានភាព​ខ្វះ​ខាត​ទឹក​ និង​ជួយ​សង្គ្រោះ​ស្រូវ​ ប្រជាកសិករ​ ក្នុង​ស្រុក​ជេីងព្រៃ

0

កំពង់ចាម​:​ បន្ទាប់​ពី​ទទួល​បានសេចក្តីទុកចិត្ត ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន​ ចាន់ដា​ ក្នុងនាមជាអភិបាលខេត្ត​ថ្មី​ នៃខេត្តកំពង់ចាម ក្នុង​ថ្ងៃ​ដំបូង​ នាព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ចុះ​ពិនិត្យ​ស្ថានភាព​ខ្វះ​ខាត​ទឹក​ធ្វើ​ស្រែ​របស់​ប្រជាកសិករ​ ក្នុង​ភូមិ​កុមារ​ ភូមិ​ដូនតោ​ និង​ភូមិ​សណ្ដែក​ ស្ថិត​ក្នុង​ឃុំ​សំពងជ័យ​ ស្រុក​ជេីងព្រៃ​ ខេត្ត​កំពង់ចាម​ ព្រមទាំង​បាន​ដាក់​ម៉ាស៊ីន​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាកសិករ​ ១២៥​ ហិកតា​ ក្នុង​ចំណោម​ ៥២០​ ហិកតា​ ស្រូវ​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ជួយ​សង្គ្រោះ​បន្ត​ទៀត​ ទោះបីជា​តំបន់​នោះមាន​ភ្លៀង​ធ្លាក់​តិច​ឬ​ច្រើន​ក៏​ដោយ​ ។​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដែលទើបចូលកាន់តំណែងបានប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ បានឲ្យដឹងថា​ ដោយសារតែមួយរយះពេលកន្លងមក​ នៅតំបន់ខាងលើនេះ​ ជួបបញ្ហាគ្រោះរាំងស្ងួត​ ដែលបានធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ​ ចំនួន៣ភូមិគឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់។ ដោយមើលឃើញការជួបលំបាកនេះ និងមានការសម្របសម្រួលពីអជ្ញាធរឃុំគឺបានខិតខំដាក់ម៉ាស៊ីនដើម្បីធ្វើការបូមទឹក។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម​ ក៏បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរបស់មន្ទីរធនធានទឹក​ ដើម្បីបូមទឹកចូលប្រឡាយនានា ដើម្បីអាចឲ្យប្រជាពលរដ្ឋ​ អាចបូបបន្តចូលទៅក្នុងស្រែរបស់គាត់បាន​ ។
ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ទៀតថា​ ក្នុងការចុះជួយសង្គ្រោះនេះគឺបានជួយសង្គ្រោះស្រែរបស់ប្រជាពលរដ្ឋបានចំនួន១២៥ហិកតា ក្នុងចំណោមស្រែរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួនជាង៥០០ហិកតា ហើយជាការរំពឹងទុក ប្រសិនបើមានភ្លៀងធ្លាក់បន្តទៀតដូចពេលនេះ​ គឺអាចជួយសង្គ្រោះស្រែជាងត៥០០ហិកតាឲ្យរួចផុតពីការខូចខាត​ជាមិនខាន​ ។
គួរបញ្ជាក់ផងដែរថា​ បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បានបញ្ជាក់នៅថ្ងៃនេះថាសម្រាប់ខេត្តកំពង់ចាម​ គឺមានភ្លៀងធ្លាក់ទូទាំងស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាម​ ដោយឡែកចំពោះស្ថានភាពកំពស់ទឹកទន្លេមេគង្គវិញ​ គឺនៅថ្ងៃនេះទឹកមានកម្ពស់៤.០៦ម៉ែត្របើធៀបនឹងថ្ងៃម្សិលមិញទឹកឡើង០.១៩ម៉ែត្រ​ ៕