អភិបាល​ខេត្ត​កំពង់ចាម​ ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ច្រាំង​ទន្លេ​ នៅ​ភូមិ​កំណើត​សម្តេច​នាយករដ្ឋមន្ត្រី​​ នៅ​ស្រុក​ស្ទឹងត្រង់​​ ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​

0

កំពង់ចាម​:​ ទោះបីជា​ផ្ទៃមេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ណា​ក៏​ដោយ​ នារសៀល​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​​​​ចុះ​ពិនិត្យ​ស្ថានភាព​​បាក់​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​កំណើត​របស់​​ សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ភូមិ​ពាមក្រៅ​ ឃុំ​ពាមកោះស្នា​ និងឃុំ​ព្រះ​អណ្តូង​​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដែល​កំពុង​ទទួល​រងការ​គំរាមកំហែង​ដោយ​គ្រោះ​ធម្មជាតិ​ ​។

សូម​បញ្ជាក់​ថា​ ការ​បាក់​ច្រាំង​ទន្លេ​ជាបន្តបន្ទាប់​ដែល​ឯកឧត្ដម​អភិបាលខេត្ត​ ​បាន​ចុះ​ពិនិត្យ​នេះ​រួមមាន​ ១-ឃុំពាមកោះស្មា ច្រាំងទន្លេបានបាក់ស្រុត នៅភូមិ​ពាមក្រៅ​ និង​ភូមិដីដុះ ។
២ ឃុំព្រះ​អណ្តូង​ ច្រាំង​ទន្លេបានបាក់​ស្រុត នៅភូមិព្រះ​អណ្តូង​ទី​១​ និង​ភូមិ​ព្រះ​អណ្តូង​ទី២​ ។

មន្ត្រី​ជំនាញ​​ បាន​អះអាង​ថា​ ចំពោះ​មូលហេតុ​នៃការ​បាក់​ច្រាំង​ទន្លេ​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​​ រហូត​ត្រូវ​បង្ខំចិត្ត​រុះរើ​ផ្ទះ​នាពេលកន្លងមក​នេះ គឺ​បណ្ដាល​មកពី​កត្តា​ធម្មជាតិ​​ ជាក់ស្ដែង​នៅ​តំបន់​នេះ បេី​ទោះជា​គ្មាន​ការ​បូម​ខ្សាច់​ក៏​ដោយ​ ក៏នៅ​តែ​មាន​ការ​បាក់​ច្រាំង​ទន្លេ​​ជា​រៀងរាល់​ឆ្នាំ​ដែរ ព្រោះ​វា​អាស្រ័យ​ទៅលើ​ចរន្ត​ខ្សែ​ទឹក​ បេី​ខ្សែ​ទឹក​ហូរ​ខ្លាំង​​បុក​​ប៉ះ​ចំ​ត្រេីយ​ខាង​ណា​មួយ​ តំបន់​នោះ​នឹង​ត្រូវរងការ​បាក់​ស្រុត​ជា​មិនខាន​ បេីទោះបីជា​ដី​ផ្ទះ​កំណើត​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ យេីង​បច្ចុប្បន្ន​នេះ​ រង​ការ​បាក់​ស្រុត​ជិត​ដល់​ផ្ទះ​ហើយ​ដែរ​។

ចំពោះ​ករណី​បាក់​ច្រាំង​ទន្លេ​នេះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​ជំរុញ​ដាក់​ផែនការ​ឲ្យ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ត្រូវ​ប្រមូល​ទិន្នន័យ​​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ ដេីម្បី​ឈាន​ទៅ​ដល់​បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ព្រោះ​ក្នុង​១ឆ្នាំ​ៗ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ត្រូវ​ប្រឈម​ និង​រងគ្រោះ​ដោយ​ការ​បាក់​ច្រាំង​ ជាបន្តបន្ទាប់​ ៕