ឧត្តមសេនីយ៍សោម ស៊ុន ជួយសាងសង់ផ្ទះជូនយាយ វ៉ាន់ ខុន រស់នៅក្នុងខ្ទមធ្លុះធ្លាយ១៥នាក់ក្នុងជីវភាពកំពូលទីទ័ល់ក្រ

0

កំពង់ធំ៖ ជីវិតដ៏កំសត់របស់លោកយាយ វ៉ាន់  ខុន បានពោលពាក្យថា ពុំដែលបានទទួលទានអាហារដែលមានរស់ជាតិឆ្ងាញ់ម្តងណាឡើយ  គឺបានត្រឹមតែអាហារចំអែតក្រពះ  ដើម្បីរស់នៅលើលោកនេះតែប៉ុណ្ណោះ លោកយាយពោលដូច្នេះក៏ដោយសារតែ ជីវភាពរបស់គាត់ធ្លាក់ក្នុងអន្លង់ទីទ័ល់ក្រ ស្ទើរតែរកអង្ករច្រកឆ្នាំង ពុំបាន បច្ចុប្បន្នរស់នៅក្នុងខ្ទមស្លឹកដ៏តូចចង្អៀតធ្លុះធ្លាយ ជាមួយនឹងសមាជិក១៥នាក់ ក្នុងភូមិកំពង់ក្របី ឃុំ ព្រៃគុយ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកយាយ វ៉ាន់  ខុន អាយុ៦៣ឆ្នំា បានរៀបរាប់ថា គ្រួសារនេះមានសមាជិកទាំងអស់១៥ កូនចៅគាត់បាន​ស៊ីឈ្នួលពុះអុសឲ្យគេ  ខ្លះធ្វើជាកម្មករសំណង់  រីឯចៅតូចៗដើររកខ្យងក្តាមលក់បានថវិកាសម្រាប់ទិញអង្ករបរិភោគចិញ្ចឹមជីវិត នៅពេលមានភ្លៀងម្ដងៗ អ្នកទាំងអស់គ្នាមិនបានសម្រាកទេ ត្រូវក្រោកអង្គុយមើលថែ កូនចៅតូចៗ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោយពីបានទទួល សេចក្តីរាយការណ៍ ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាព ក្រុមគ្រួសារទីទ័លក្រដល់មូលដ្ឋានជាក់ ស្តែង នៅរសៀលថ្ងៃទី ០៣ខែកក្កដា ឆ្នាំ២០១៩  ដើម្បីសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ ដើម្បីជួយតាមលទ្ធភាព ដែលអាចជួយបាន ក្នុងនោះក៏បានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ អង្ករចំនួន៥០ គីឡូក្រាមមីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកាចំនួន១០០,០០០ រៀល  ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោយពីបានឃើញនូវទិដ្ឋភាពការស់នៅជាក់ស្តែង របស់ក្រុម គ្រួសារដែលមានជីវភាពក្រីក្រ ក៏បានសម្រច និងឯកភាពគ្នាជាមួយក្រុមការងារ ដឹកឈើគ្រឿងផ្ទះនិង សម្ភារៈ ផ្សេងៗដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅជួយសាងសង់ផ្ទះមួយខ្នងជូនគ្រួសារក្រីក្រនេះ នៅព្រឹកថ្ងៃទី០៤  ខែកក្កដាឆ្នាំ២០១៩  ដើម្បីឲ្យក្រុមគ្រួសារនេះ  មានផ្ទះរស់នៅបានសមរម្យ ដូចប្រជាជនដ៍ទៃទៀតផងដែរ   ។ក្នុងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំផ្តាំផ្ញើរ ឲ្យក្រុមគ្រួសារនេះ ជម្រុញឲ្យកូនចៅទៅចូល រៀនបានគ្រប់គ្នា ដើម្បីបញ្ជ្រាសគ្រោះអវិជ្ជា នាំឲ្យខ្វះគំនិតក្នុងការគ្រប់គ្រងជីវភាពរស់នៅ និងជាភារដល់ សង្គមទៀតផង ដូច្នេះសូមឲ្យក្រុមគ្រួសារនេះ យើងត្រូវជួយខ្លួនឯងរើបំរ៉ាសឲ្យរួចផុតពីគ្រោះអវិជ្ជា ត្រូវចេះជួយខ្លួនឯងទើបបានទេវតាជួយបាន ក្នុងនោះដែរ មហាជនបានគាំទ្រ ចំពោះសកម្មភាពមនុស្សធម៌ បម្រើ ប្រជាជននិងអតីតយុទ្ធជន របស់កងម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបាន ជួយ ដល់អតីតយុទ្ធជន និងប្រជាជនទីទ័លក្រ នៅក្នុងខេត្តកំពង់ធំ គ្រប់ទីកន្លែង  ។

ដោយ ប៊ុន រដ្ឋា