ឧត្ដរមានជ័យ ៖ អេស្កាវ៉ាទ័រសំអាតដីចម្ការ ជាន់មីនតោន ផ្ទុះដាច់កង់មួយចំហៀង សំណាងល្អតៃកុងរួចផុតពីគ្រោះថ្នាក់ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីផ្ទុះមីនតោនខាងលើ បណ្តាលមកពីអេស្កាវាទ័រ ០១គ្រឿង បើកបរដោយឈ្មោះ ទុយ តុលា ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិក្រសាំងថ្មី ឃុំជប់បូរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកទៅកាយព្រៃសំអាតដីក្នុងចម្ការ ខណៈកំពុងកាយព្រៃស្រាប់តែបរទៅ កិនចំពីលើមីនតោនបណ្តាលឲ្យផ្ទុះតែម្ដង និងបានបង្កការខូចខាតអេស្កាវ៉ាទ័រ ដាច់ច្រវាក់ផ្នែកខាងឆ្វេង ចំណែកតៃកុងពុំមានរងរបួសនោះឡើយ។
ក្រោយកើតហេតុភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងអាចបញ្ជាក់បានថា បង្កឡើងដោយមីនតោន ដែលគ្រប់យុទ្ធភណ្ឌកប់ក្រោមដីនាសម័យសង្គ្រាមពិតប្រាកដមែន៕






































