ព្រះវិហារ: កូនឈើចំរុះជាច្រើនប្រភេទជាង២០០០ដើម ត្រូវបានខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ នាំយកមកដាំនៅក្នុងបរិវេណវត្តឃោសិតារាម (ហៅវត្តពាក់ស្បែក) លើផ្ទៃដីទំហំ៦៣,០០០ម៉ែត្រការ៉េ ក្នុងពិធីអបអរសាទរ រុក្ខទិវាជាតិ ៩កក្កាដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ គ្រប់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណជាង៦០០នាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ចំពោះមនុស្សជាតិ និងសត្វនៅលើភពផែនដីយើង។ ដោយមើលឃើញនៅសារៈសំខាន់នៃព្រៃឈើរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការអភិរក្សគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព សំដៅបម្រើឲ្យផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថានសម្រាប់មនុស្សបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគតផងដែរ។
ឯកឧត្តម បានបញ្ជាក់ទៀតថា បុណ្យរុក្ខទិវា គឺបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាគោលដៅអាទិភាពខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយនិរន្តរភាព ដើម្បីអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដែលទាំងអស់នេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឲ្យបានប្រសើរឡើងជាបន្តបន្ទាប់។
ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍លើកឡើងថា ការដាំដើមឈើនៅថ្ងៃនេះ ពិតជាមានអត្ថន័យ និងសារ:សំខាន់យ៉ាងជ្រៀលជ្រៅបំផុត ដើម្បីសម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ឲ្យចូលរួមដាំដុះ និងថែរក្សាការពារព្រៃឈើ។ ត្រូវអនុវត្តគោលការណ៍ដោយឈរលើស្មារតី យកចិត្តទុកដាក់អនុវត្តឲ្យបានដាច់ខាតនូវបទបញ្ជាលេខ០១.០២ និងសារាចរលេខ០២ របស់រដ្ឋាភិបាលកម្ពុជា។ ត្រូវបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណា ដែលនាំទៅដោយការបំផ្លិចបំផ្លាញ នូវធនធានព្រៃឈើ និងសត្វព្រៃ ពិសេសការកាប់ព្រៃឈើហំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិ ដោយបណ្ដុះគំនិតចេះស្រឡាញ់ព្រៃឈើ ដើម្បីជាឧត្តមប្រយោជន៍ជាតិរបស់យើង។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងបញ្ជាក់ថាខេត្តព្រះវិហារមានសហគមន៍ព្រៃឈើសរុបចំនួន៦៣សហគមន៍ ស្មើរនឹងផ្ទៃដីសរុបចំនួន១១៨.៣០២ហិកតា ក្នុងនោះមានប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្មចំនួន៣៧សហគមន៍ ស្មើនឹងផ្ទៃដី៦៥.៩៨៣ហិកតា និងសហគមន៍ព្រៃឈើបានចុះកិច្ចព្រមព្រៀងជាមួយខាងរដ្ឋបាលព្រៃឈើព្រះវិហារចំនួន៣៩សហគមន៍ ស្មើនឹង
ផ្ទៃដី៥៣.៥៩១ហិកតា។ លោកថានៅឆ្នាំ២០១៩នេះ ខាងរដ្ឋបាលព្រៃឈើព្រះវិហារ បានបណ្ដុះកូនឈើសរុបចំនួន៨១.៥៤៣ដើម ក្នុងនោះ(កូនឈើរយៈពេលវែង) មានដូចជាក្រញូង បេង ធ្នង់ នាងនួន គគីរ នឹងកកោះចំនួន៤៨.៦១៦ដើម (កូនឈើរយៈពេលខ្លី) មានដូចជា រំដួល ក្ងោក លឿងរាជ ចំនួន៩.៤៩៩ដើម និង(កូនឈើហូបផ្លែ)មានដូចជាខ្នុរ ដូង ស្វាយ អំពិល និងត្របែកសរុបចំនួន២៣៤២៨ដើម និងបានចែកចាយកូនឈើ ដល់មន្ទីរជុំវិញខេត្ត កងប្រដាប់អាវុធ រាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹម សាលារៀន និងប្រជាពលរដ្ឋសរុបចំនួន១៣.២២៣ដើម ក្នុងនោះ(កូនឈើរយៈពេលវែង)ចំនួន២.៩១២ដើម (កូនឈឺរយៈពេលខ្លី)ចំនួន១.៥៤១ដើម និង(កូនឈើហូបផ្លែ) ចំនួន១០.៣៦៥ដើម។
លោក ពឹង ទ្រីដា បន្តថា សម្រាប់ពិធីដាំកូនឈើនៅក្នុងពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងដាំកូនឈើប្រភេទចម្រុះសរុបចំនួន២.៦៩០ដើម ក្នុងនោះកូនឈើគគ្រញូងចំនួន១.៦២០ដើម កូនឈើបេង៤០០ដើម កូនឈើកកោះ៤២០ដើម និងកូនឈើគគីរ២៥០ដើម លើផ្ទៃដីទំហំ៦៣.០០០ម៉ែត្រការ៉េ។ និងចែកកូនឈើចំរុះជូបប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមលំនៅឋានចំនួន២.១៥៥ដើម ដោយក្នុងនោះមានពូជកូនស្វាយចំនួន៦៥ដើម ពូជកូនខ្នុរចំនួន១០៦៣ដើម ពូជកូនដូង៣០ដើម និងពូជកូនឈើក្រញូងចំនួន១០០០ដើម៕សួនលីណា




































