ព្រះវិហារ: ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមជាមួយនិងបច្ច័យ ត្រូវបានឯកឧត្តម ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍
លេខ៧ និងលោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន គ្រួសារកងទ័ព នាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ នៅវត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម (ហៅវត្តអង្គការអេដស៍) និងវត្តស្រអែមរតនារាម (ហៅវត្តស្រអែម) ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា នាព្រឹកថ្ងៃសុក្រ ០៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ដួង សំនៀង និងលោកជំទាវ មានប្រសាសន៍ថា ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ដែលនាំយកមកទាំងអស់នេះ គឺកើតឡើងមកពីការសាមគ្គីគ្នា ដើម្បីរួមចំណែកនៅក្នុងពិធីចូលកាន់ព្រះវស្សា ក៏ដូចជាការចូលរួមប្រតិបត្តិ នូវវិស័យព្រះពុទ្ធសាសនា ក្នុងរយៈពេលដែលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា នៅតាមទីអារាម ខណៈដែលព្រះសង្ឃទាំងអស់ មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ធ្វើអោយពិបាកក្នុងការនិមន្តគោចរបិណ្ឌបាត ដោយគិតចាប់ពីថ្ងៃ០១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក.ព.ស.២៥៦៣ រហូតដល់ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរឯកស័ក.ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
ហើយមួយផ្នែកទៀត ក៏ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។ ដើម្បីអោយដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានមកទទួលនូវកុសល ដែលឯកឧត្តម និងលោកជំទាវ បានឧទិសជូននៅថ្ងៃនេះ។
សូមបញ្ជាក់ថា បច្ច័យដែលឯកឧត្តម និងលោកជំទាវ នាំយកមកប្រគេនដល់ព្រះភិក្ខុសង្ឃ ទុក្ខសម្រាប់កសាងនាឱកាសនោះ វត្តព្រហ្មវិហារធម៌តេជោជប់រង្សីសរារាម ទទួលបានបច្ច័យសរុបចំនួន៩០ម៉ឺនរៀល ក្នុងនោះបច្ច័យសម្រាប់ទុកកសាងចំនួន៦៥ម៉ឺនរៀល និងបច្ច័យបាំងស្កូលចំនួន២៥ម៉ឺនរៀល ទៀនព្រះវស្សាចំនួន១គូរ ប្រេងម៉ាស៑ុត៣០លីត រួមនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខផងដែរ។
ដោយឡែក វត្តស្រអែមរតនារាម ទទួលបានបច្ច័យសរុបចំនួន ១.២៦១.៥០០ (មួយលានពីរសែនប្រាំមួយម៉ឺនមួយពាន់ប្រាំរយរៀល) ក្នុងនោះបច្ច័យសម្រាប់ទុកកសាងចំនួន ១.០៧០.០០០ (មួយលានចិតម៉ឺនរៀល) និងបច្ច័យបាំងស្កូលចំនួន១៩១៥០០ (មួយសែនប្រាំបួនម៉ឺនមួយពាន់ប្រាំរយរៀល) រួមទាំងទៀនព្រះវស្សាចំនួន១គូរ ប្រេងម៉ាស៑ុត៣០លីត រួមនិងគ្រឿងឧបភោគ បរិភោគជាច្រើនមុខផងដែរ៕សួនលីណា





































