កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំក្រុមគ្រួពេទ្យ ចុះពិនិត្យព្យាបាលជំងឺ ជូនគ្រួសារអតីតយុទ្ធជនដែលកំពុងតែមានជំងឺតំកាត់ផ្សេងៗ ដល់លំនៅដ្ឋាន និងមានជីវភាពក្រីក្រលំបាកខ្វះខាត រួមទាំងបានផ្តល់ថ្នាំពេទ្យជូន ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ នៅល្ងាចថ្ងៃសុក្រទី ០៥ ខែកក្កដា ឆ្នាំ ២០១៩ នៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពីបានទទួលនូវព័ត៌មានថា លោកយាយ យន់ លីម អាយុ៦១ឆ្នំា ជាភរិយារបស់អតីតយុទ្ធជនពលីកំពុងតែមានជំម្ងឺប្រចាំកាយ និងពុំអាចមកពិនិត្យព្យាបាលដល់មន្ទីរពេទ្យបាន ឯកឧត្តម ឧត្តមសេយន៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចុះទៅសំណេះសំណាល និងសាកសួរសុខទុក្ខលោកយាយ យន់ លីម ដល់មូលដ្ឋានផ្ទាល់តែម្តង អមដំណើរដោយក្រុមគ្រួពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនលោកយាយ និងប្រជាពលរដ្ឋជាច្រើននាក់ដែលមានជម្ងឺ រួមទាំងបានផ្តល់ថ្នាំសង្កូវសម្រាប់បរិភោគផងដែរ ។
លោកយាយ យន់ លីម បានឲ្យដឹងថា ក្រុមគ្រួសារលោកយាយ ពុំមានមុខរបរអ្វីនោះទេ ការស់នៅសព្វថ្ងៃ គឺបានដើររើសអេតចាយ ដើម្បីលក់យកប្រាក់ទិញអង្ករចិញ្ចឹមជីវិត លោកយាយ មានកូនចំនួន២ នាក់ និងចៅចំនួន៤នាក់ បច្ចុប្បន្នសុទ្ធតែមានជម្ងឺប្រចាំកាយ និងមានជីវភាពខ្វះខាតក្នុងការហូបចុកប្រចាំថ្ងៃ លោកយាយក៏បានថ្លែងអំណរគុណ ឯកឧត្តម សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់ ចំណាយពេលវេលានាំគ្រូពេទ្យមកពិនិត្យព្យាបាលជំងឺដល់ផ្ទះរបស់គាត់តែម្តង ។
ឧត្តមសេយន៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ការពិនិត្យព្យាបាលជំងឺជូនលោកយយាយនេះគឺ ក្រុម គ្រូពេទ្យបានជោះឈាមយកទៅពិនិត្យដើម្បីរករោគសញ្ញាដែលបណ្តាលឲ្យមានជំងឺ រួមទាំងបានផ្តល់ថ្នាំជូន ជាបឋមមួយចំនួនសម្រាប់ជូនគាត់ពិសារ ក្នុងឳកាសនេះផងដែរ ក្រុមការងារសមាគមអតីតយុទ្ធជន បាន ឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០ គ.ក មីយើងចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនូន២យួរ និងថវិកាចំនួន ១០០,០០០ រៀល និងបានណែនាំឲ្យលោកយាយ និងបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ក្នុងរដូវភ្លៀងធ្លាក់ បរិភោគអាហារមានអនាម័យ សម្រាន្តក្នុងមុង និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងតូចៗឲ្យគេងក្នុងមុង ជៀសវាងកើតជំងឺគ្រុនឈាមកើតឡើង ដោយសារតែបច្ចុប្បន្នជំងឺគ្រុនឈាមកំពុងតែរាតល្បាតយ៉ាងខ្លាំង។
ដោយ ប៊ុន រដ្ឋា





































