ព្រះវិហារ: ឯកឧត្តម ដួង សំនៀង និងលោកជំទាវ អ៊ុក ស៊ុនរ៉ានី រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានបន្តនាំយកទ័យទាន មានទៀនព្រះវស្សា ចង្ហាន់ និងទ័យទាន ព្រមទាំងបច្ច័យសរុបចំនួន ១៧៨២០០០ (មួយលានប្រាំពីរសែនប្រាំបីម៉ឺនពីរពាន់រៀល) ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តឈើទាលគងសិក្ខារាម ស្ថិតក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។
ឯកឧត្តម ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលើកឡើងថា ទៀនព្រះវស្សា ចង្ហាន់ និងទ័យទាន ព្រមទាំងបច្ច័យ ជាងមួយលានរៀលនេះ គឺដើម្បីចូលរួមចំណែកក្នុងពិធីចូលកាន់ព្រះវស្សា ក៏ដូចជាការចូលរួមប្រតិបត្តិ នូវវិស័យព្រះពុទ្ធសាសនា ក្នុងរយៈពេលដែលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា នៅតាមទីអារាម ខណៈដែលព្រះសង្ឃទាំងអស់ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅទីណាបាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ធ្វើអោយពិបាកក្នុងការនិមន្តបិណ្ឌបាត ដោយគិតចាប់ពីថ្ងៃ០១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក.ព.ស.២៥៦៣ រហូតដល់ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរឯកស័ក.ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
ហើយមួយចំណែកទៀត ក៏ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។ ដើម្បីអោយដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានមកទទួល នូវកុសលផលបុណ្យ ដែលឯកឧត្តម និងលោកជំទាវ បានឧទិសជូននៅថ្ងៃនេះ។
សូមបញ្ជាក់ថា បច្ច័យដែលនាំយកមកប្រគេនដល់ព្រះភិក្ខុសង្ឃសម្រាប់កសាងនាឱកាសនោះសរុបចំនួន ១៧៨២០០០(មួយលាន ប្រាំពីរសែន ប្រាំបីម៉ឺន ពីរពាន់រៀល) ក្នុងនោះបច្ច័យសម្រាប់កសាង ចំនួន១២៩០០០០ (មួយលាន ពីរសែន ប្រាំបួនម៉ឺនរៀល) បច្ច័យបង្សុកូល ចំនួន២៥២០០០ (ពីរសែន ប្រាំម៉ឺន ពីរពាន់រៀល) និងទៀនព្រះវស្សាចំនួន១គូរ ប្រេងម៉ាស៑ុត៣០លីត និងទ័យាទាន មានគ្រឿង ឧបភោគបរិភោគជាច្រើនមុខ និងប្រគេនបច្ច័យផ្ទាល់ដល់ព្រះសង្ឃចំនួន៤អង្គ លោកតាពីរអ្នក សរុបបច្ច័យ ២៤ម៉ឺនរៀល៕សួនលីណា





































