កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទេីបយេីងមានឱកាសធ្វើ
បុណ្យទានរួមគ្នា ខុសពីជំនាន់ប៉ុលពតដែលគេយកទីវត្តអារាមធ្វើជាគុក ឬធ្វើជាក្រោលសត្វ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សានូវសុខសន្តិភាពមួយនេះ ឲ្យបានគង់វង្សយូរអង្វែង ដេីម្បីបន្តការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្តកំពង់ចាម បាននាំយក នូវទៀនព្រះវស្សា បច្ចយ័ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ទៅវេរប្រកេនព្រះសង្ឃ គង់ចាំព្រះវស្សា ។ 
ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយរយៈពេល៦ខែចុងក្រោយនេះជម្ងឺគ្រុនឈាមមានការកេីនរីករាលដាលឡើង ដូច្នេះយេីងត្រូវការពារកុមារកុំឲ្យមូសខ្លាខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងម៉ុងជានិច្ច ត្រូវប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក ត្រូវសម្អាតទាំងក្នុង និងទីធ្លាខាងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬវត្ថុដែលអាចដក់ទឹកបាន។ ដ្បិតគ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជម្ងឺទេ វិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លា និងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា កុមារមានជម្ងឺគ្រុនឈាម ដើម្បីធ្វើរោគវិនិច្ឆ័យ រួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ព្រះសង្ឃ ប្រពលរដ្ឋ លោកយាយលោកតា ឲ្យជួយធ្វើការអប់រំ ផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃគ្រឿងញៀន និងជួយធ្វើការផ្តល់ព័ត៍មានពីសកម្មភាពដែលមានការប្រើប្រាស់គ្រឿងញៀន ចំពោះករណីអ្នកដែលមានបំណងចង់ព្យាបាលផ្តាច់សារធាតុញៀន សូមយកពួកគាត់ ទៅកាន់មន្ទីរពេទ្យដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន ដោយឥតគិតថ្លៃ ដែលមាននៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងមូលដ្ឋានក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានស្នើសុំឲ្យមានការចូលរួមទប់ស្កាត់ជាដាច់ខាតនោះ គឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋជួយធ្វើការផ្សព្វផ្សាយ ដើម្បីចូលរួមទប់ស្កាត់បញ្ហាទាំង២នេះឲ្យខាងតែបាន ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយមន្ត្រីរាជការជុំវិញខេត្ត បាននាំយកនូវទៀនព្រះវស្សា បច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ទៅវេរប្រកេន ព្រះសង្ឃ ដល់វត្តទាំងបួន ក្នុងក្រុងកំពង់ចាម រួមមាន វត្តខេមវន្តបឹងស្នាយ ហៅវត្តថ្មី វត្តជោត្តនារាមបឹងកុក វត្តដីដុះ និងវត្តជ្រោយថ្ម ។
ដោយឡែកកាលព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បាននាំយកនូវទៀនព្រះវស្សា បច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនទៀនវស្សា នៅវត្តជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕




































