សៀមរាប៖ ដោយសារមានទំនាស់ក្នុងគ្រួសារ បានចាប់ប្រពន្ធ និងកូនតូច ចងរួចចាក់សាំងដុតបណ្តាលឲ្យស្លាប់ទាំង៣នាក់ ក្នុងភ្នក់ភ្លើងតែមួយប៉ព្រិចភ្នែក ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោកអធិការនគរបាលស្រុកពួក បានឱ្យដឹងថា ករណីហិង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។
លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែរត់ទៅផ្ទះសាច់ញាតិបំណងឱ្យគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំង២ដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៏ដុតផ្ទះបណ្តាលឲ្យស្លាប់ទាំង៣នាក់ក្នុងអណ្តាតភ្លើងតែម្តង។
លោកអធិការឱ្យដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះមុយ ររឿត អាយុ៥៨ឆ្នាំ។
ចំណែកជនបង្កឈ្មោះគង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចឈ្មោះមេត្តា ភេទប្រុស អាយុ២ខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។
ផ្ទះដែលរងការឆាបឆេះមានទំហំ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។ ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ តែហួសពេលដោយសារតែអណ្តាតភ្លើង មិនប្រណី។ សរុបការខូចខាតបាត់បង់ទាំងអស់រួមមាន មាសចំនួន០៣តំលឹង -ផ្លាកទីន ០២ជី ប្រាក់ដុល្លា ១០០០$ ប្រាក់ខ្មែរ ៣.៤០០.០០០(បីលានសែសិបម៉ឺនរៀល)៕




































