ព្រះវិហារ: នេះបើយោងតាមរបាយការហេតុ របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានសរសេរបញ្ជាក់ដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយសង្គមដោយតាមប្រព័ន្ធTelegram ថា ត្រូវតែ
អនុវត្តទៅតាមនីតិវិធីច្បាប់ ចំពោះទង្វើដែលព្រះគ្រូចៅអធិការ វត្តឧត្តរគិរីទួលអណ្តែត បានប្រព្រឹត្តទៅលើព្រះសង្ឃពីរអង្គ បណ្តាលឲ្យរងរបួស នៅក្នុងករណីហិង្សាដោយចេតនា បើទោះបីជាមិនមានការ រករឿង ឬប្តឹងពីរឳពុកម្តាយព្រះសង្ឃ រងគ្រោះទាំងពីរអង្គក្តី។
កំណត់ហេតុបានសរសេរបញ្ជាក់បន្តថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩.៣០នាទី មានករណីហិង្សា ដោយចេតនាមួយបានកើតឡើង នៅចំណុចបរិវេណវត្ត ឧត្តរគីរីទួលអណ្តើត(ហៅវត្តថ្នល់បែក) ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលបង្កឡើងដោយព្រះគ្រូចៅអធិការ ព្រះនាម សាយ នី ព្រះជន្ម៥៣វស្សា ជាចៅអធិការវត្តខាងលើ បានប្រព្រឹត្តអំពើហិង្សា ដោយចេតនាលើព្រះសង្ឃពីរអង្គ ខណៈពេលសង្ឃទាំងពីរអង្គនោះ ប្រឡែងគ្នានៅលើសាលាឆាន់ ដោយហាមមិនស្ដាប់ ក៏កើតជាកំហឹង ចាប់លោកសង្ឃទាំងពីរ មកវាយនឹងខ្សែភ្លើង ទះនិងដៃ ព្រមទាំងទាត់និងជើង បណ្ដាលឲ្យរងរបួសទាំងពីរអង្គ។
ដោយអង្គទី១ ព្រះនាម ភ័ណ ហេងឡុង ព្រះជន្ម ១៣វស្សា រងរបួសខ្នងនិងមុខ និងអង្គទី២ ព្រះនាម ស៊ីម សាយ ព្រះជន្ម១៤វស្សា ទាំងបីអង្គគង់នៅវត្តខាងលើជាមួយគ្នា។
នៅក្នុងរបាយការណ៍បានសរសេរបន្តថា ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំ ប៉ុន្តែអាណាព្យាបាល បានឆ្លេីយថា មិនប្ដឹងផ្ដល់ ទៅណាទេ ដោយគ្រាន់តែឲ្យអាជ្ញាធរ និងការិយាល័យធម្មការស្រុក ធ្វើការអប់រំណែនាំ ព្រះគ្រូចៅអធិការ កុំអោយប្រព្រឹត្តសកម្មភាពបែបនេះតទៅទៀត ហើយចំណែកលោកសង្ឃរងគ្រោះទាំងពីរអង្គ ត្រូវបានអាណាព្យាបាល យកទៅព្យាបាលនៅផ្ទះរៀងខ្លួន៕សួនលីណា




































