កំពង់ចាម: បន្ទាប់ពីអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ធ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយសង្រ្គោះស្រូវ
ដែលកំពុងខ្វះខាតទឹក។ រហូតមកដល់ពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹក បានធ្វេីការស្តាប្រឡាយមេ ប្រវែង៧៥០ម៉ែត្រ និងកែរសម្រួលសម្រុតលូ០១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រូលជូនប្រជាកសិករ ក្នុងការយកទឹកប្រេីប្រាស់បង្កបង្កើនផលដំណាំស្រូវ។
គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានសេចក្តីទុកចិត្ត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមជាអភិបាលខេត្តថ្មី នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងថ្ងៃដំបូង នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពខ្វះខាតទឹកធ្វើស្រែរបស់ប្រជាកសិករ ក្នុងភូមិកុមារ ភូមិដូនតោ និងភូមិសណ្ដែក ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ព្រមទាំងបានដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវប្រជាកសិករ ១២៥ ហិកតា ក្នុងចំណោម ៥២០ ហិកតា ចំពោះស្រូវដែលនៅសេសសល់នឹងត្រូវជួយសង្គ្រោះបន្តទៀត ទោះបីជាតំបន់នោះមានភ្លៀងធ្លាក់តិចឬច្រើនក្តី ។ 
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារតែមួយរយះពេលកន្លងមក នៅតំបន់ខាងលើនេះ ជួបបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិគឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់។ ដោយមើលឃើញការជួបភាពលំបាកបែបនេះ និងមានការសម្របសម្រួលពីអជ្ញាធរឃុំគឺបានខិតខំដាក់ម៉ាស៊ីនដើម្បីធ្វើការបូមទឹក។ 
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរបស់មន្ទីរធនធានទឹក ដើម្បីបូមទឹកចូលក្នុងប្រឡាយនានា ដើម្បីអាចឲ្យប្រជាពលរដ្ឋ អាចបូបបន្តចូលទៅក្នុងស្រែរបស់គាត់បាន ៕




































