ជនជាតិចិន ៣ នាក់ឃាត់ត្រូវបាននាំលុយ៩០ម៉ឺនដុល្លារចូលមកកម្ពុជាដោយមិនប្រកតី 

0

ភ្នំពេញ ៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិនចំនួន០៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនជាតិចិនដែលចាប់ខ្លួននោះរួមមាន៖ ទី១-ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ។ ទី២-ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971 និង៣-ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ (ជាអ្នកមកចាំទទួលនៅភ្នំពេញ)។

សមត្ថកិច្ចបន្តថា ក្រោយធ្វើការត្រួតពិនិត្យ និងបានរកឃើញក្រដាសប្រាក់ដែលជនសង្ស័យដាក់ក្នុងកាបូបយួរដៃចំនួន០៣ ដែលមានទឹកប្រាក់សរុប ៩០ម៉ឺនដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ការនាំចូលក្រដាសប្រាក់ទាំងនេះមានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង។

សូមបញ្ជាក់ថារយៈពេល៣ថ្ងៃនេះមន្ត្រីគយបង្ក្រាបបទល្មើសនាំលុយដុល្លារល្មើសច្បាប់ ចូលបាន២ករណីហើយ ដោយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បង្ក្រាបនៅព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប ដោយចាប់ខ្លួនជនជាតិកូរ៉េខាងត្បូង០២នាក់ រឹបអូសយកប្រាក់ដុល្លារ បានជាង២លានដុល្លារ៕