ផ្លូវ២២ខ្សែក្រុងព្រះសីហនុ ខូចខាតធ្ងន់ធ្ងរត្រូវស្តារឡើវវិញរួមទាំងប្រពន្ធ័លូទឹកកខ្វក់មុនកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

0

ក្រុងព្រះសីហនុ៖ គម្រោងនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំមួយ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញមួយចំនួនទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ផ្លូវចំនួន២២ខ្សែក្នុងក្រុងព្រះសីហនុ នឹងជួសជុលឡើងវិញទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ថានឹងជម្រុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ ៦ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ ។

បើតាមមន្ត្រីជំនាញ និយាយថាក្នុងចំណោមផ្លូវទាំងនេះ១២ខ្សែប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៦ខ្សែប្រើថវិកាដែលបានមកពីសំណង់បណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសំភារៈផ្សេងៗបំរើការក្នុងការសាងសង់អាគារប្រកបអាជីវកម្មធំៗតាមផ្លូវ ផ្វើឱ្យខូចខាតផ្លូវក្នុងក្រុង។៣ខ្សែជាគម្រោងក្រសួងសាធារណៈការ ១ខ្សែជួសជុលដោយថវិការកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមរយៈគម្រោងនេះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងការខូចខាតផ្លូវ ក្នុងខេត្តព្រះសីហនុដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណ:ការ និងដឹកជញ្ជូន នឹងខិតខំធ្វើការដោះស្រាយឱ្យបាន ក្នុងពេលឆាប់ៗខាងមុខនេះ។ដើម្បីឲ្យគម្រោងទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ រដ្ឋបាលខេត្តព្រះសីហនុស្នើអោយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការផង។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បី
ធ្វើអោយស្ថានភាពផ្លូវក្រុងព្រះសីហនុ បានប្រសើរឡើងវិញ៕
(សាវ៉ុន)