ព្រះវិហារ: រយៈពេលពេញពីរថ្ងៃ គឺថ្ងៃទី៩.និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ នៅក្នុងខេត្តព្រះវិហារ បើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងសិប្បកម្មលួចលាក់កែឆ្នៃឈើឥតច្បាប់ និងទីតាំងស្តុបឈើលួចលាក់ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយទីតាំងទីមួយ ស្ថិតនៅក្នុងភូមិ សាស្ត្រ ភូមិពាក់ស្បែក ឃុំរំដោះស្រែ និងក្នុងភូមិសាស្ត្រ ភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊្រុន ឡេងសៀក នាយរងសេនាធិការប្រចាំទិសស្រុកជាំក្សាន្ត រួមជាមួយនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើជាំក្សាន្ត ដឹកនាំដោយលោក ចាន់ វិទ្យា នាយរងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត។ ក្រោមការសម្របសម្រួលពីលោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រះវិហារ និងដោយមានកិច្ចសហការពីម្ចាស់ទីតាំងសិប្បកម្មផងដែរ។
សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើជាំក្សាន្ត បានបញ្ជាក់ឲ្យដឹងថា ចំពោះវត្ថុតាង ដែលកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសនៅទីតាំងទាំងពីរខាងលើនេះ បានដូចជា តាបឈូសឈើ១គ្រឿង ម៉ាស៊ីនវៀល១គ្រឿង ម៉ូទ័រខាត់២គ្រឿង និងម៉ាស៊ីនគោយន្តចំនួន២គ្រឿង។ ដោយឡែកឈើនៅមិនទាន់ដឹងលទ្ធផល នោះនៅឡើយទេ។ ចំណែកម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឥតច្បាប់ មន្ត្រីជំនាញគ្រាន់តែឲ្យធ្វើកិច្ចសន្យាបញ្ឍប់ បន្តសកម្មភាពលួចលាក់កែឆ្នៃបន្តទៀត បើពុំនោះទេ និងទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបញ្ជាក់ផងដែរថា ឈើនិងវត្ថុតាងទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញ ដឹកប្រមូលយកមករក្សាទុក នៅថ្នាលបណ្តុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីរងចាំធ្វើការវាស់វែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩សែ្អកនេះ៕ សួនលីណា





































