ព្រះវិហារ: កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានបកស្រាយ និងធ្វើការបំភ្លឺ ឲ្យភ្នាក់ងារទូរទស្សន៍អប្សរាប៉ុស្តិ៍១១ ប្រចាំខេត្តព្រះវិហារ ឲ្យដឹងនៅថ្ងៃនេះថា កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត មិនបានទទួលយកប្រាក់ពិន័យ ពីម្ចាស់រថយន្តដឹកគ្រឿងសង្ហារឹមនោះទ្បើយ។ គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យដឹក បទល្មើសធនធានធម្មជាតិជាបន្តទៀតតែប៉ុណ្ណោះ។
លោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ទទួលបានបទបញ្ជាពីថា្នក់លើ ឲ្យកម្លាំងដាក់គោលដៅនៅមុខបន្ទាយ ដើម្បីធ្វើការត្រួតពិនិត្យទៅលើរថយន្ត ដែលដឹកជញ្ជូនធនធានធម្មជាតិ ហើយតម្រូវឲ្យម្ចាស់រថយន្តដឹកជញ្ជូនធនធានធម្មជាតិទាំងធ្វើកិច្ចសន្យា។ ដើម្បីបញ្ឈប់មុខរបរនេះតាមលិខិតដែលទើបចេញប្រកាសថ្មី របស់គណកម្មការជាតិបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងតឹងរឹង។
ហើយចំពោះសេចក្តីរាយការណ៍ចោទ មកលើកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ថាតម្រូវឲ្យម្ចាស់រថយន្តដឹកឈើ និងដឹកឈើសិប្បកម្មកែច្នៃ បង់ប្រាក់ក្នុងមួយរថយន្ត២០ម៉ឺនរៀលនោះ វាមិនមែនជាការពិតទេ។ ដូច្នេះកម្លាំងកងរាជអាវុធហត្ថស្រុក សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសារព័ត៌មានមួយចំនួនដែលចុះផ្សាយមានការភ័ន្តច្រទ្បំ មិនបានជួបសម្ភាសន៍ភាគីម្ខាងទៀតជាមុនសិន។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៩ កន្លងមកថ្មីៗនេះ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានដាក់កម្លាំងត្រួតពិនិត្យ ដោយឃាត់រថយន្ត១បាំងកន្លះ និងរថយន្តសាមយ៉ុង ប្រមាណជាង១០គ្រឿង ដើម្បីឲ្យម្ចាស់មកធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យដឹក បទល្មើសធនធានធម្មជាតិជាបន្តទៀត។ ហើយករណីឃាត់រថយន្តទាំងនោះ គឺជាការអនុវត្តបទបញ្ជាថ្នាក់លើ ដែលទើបតែចេញលិខិត ឲ្យទប់ស្កាត់បទល្មើសធនធម្មជាតិយ៉ាងតឹងរឹងផងដែរ៕សួនលីណា




































