កំពង់ចាម : នៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម នារសៀល ថ្ងៃ ទី ១១ ខែកក្កដា ឆ្នាំ ២០១៩នេះ បាន បេីក កិច្ច ប្រជុំផ្សព្វផ្សាយ ការចុះអនុវត្តអនុក្រឹត្យ លេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តកំពង់ចាម ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា និង លោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ទទួលការងារអន្តោប្រវេសន៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត លោក លោកស្រី គណៈ អភិបាលទទួលការងារអន្តោប្រវេសន៍ក្រុង-ស្រុកទាំង១០ លោក លោកស្រីមេឃុំ ចៅសង្កាត់ ទាំង១០៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃ អគ្គនាយកអន្តោប្រវេសន៍ បានបង្ហាញនូវការផ្តោតសំខាន់នូវអនុក្រឹត្យលេខ១២៩ អនក្របក របស់រដ្ឋាភិបាល ស្តីពីការលុបចោល នូវឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅ ខេត្ត កំពង់ចាម ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានមតិណែនាំដល់ ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាល ទូទាំងខេត្ត ចូលរួមសហការឲ្យបានជិតស្និទ្ធ ជាមួយមន្ត្រីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្ត ឲ្យ បានជោគជ័យនូវ អនុក្រិត្យ លេខ ១២៩ ហើយបានសំនូមពរ ឲ្យ មន្ត្រីរដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិរដ្ឋបាលទាំងអស់ មុននិងចេញលិខិតស្នាមរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សូមពិនិត្យ ឲ្យ បានច្បាស់លាស់ និងស្នើសុំ ឲ្យ សមត្ថកិច្ច និងរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ សម្របសម្រួល និងសហការប្រកប ដោយការទទួលខុសត្រូវ ជាមួយមន្ត្រីជំនាញ អន្តោប្រវេសន៍ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕





































