កំពង់ធំ៖ ពលរដ្ឋក្រីក្រមួយគ្រួសារ មានជីវភាពខ្វះខាត រស់នៅក្នុងខ្ទមស្លឹកដំបូលប្រកមេឃ ត្រូវបានទទួល ផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី២ សម្រាប់ផ្តល់ជូនពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ធំ ដែលជាអំណោយរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ និងបានប្រគល់ជូនគ្រួសារក្រីក្រដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបាល្ល័ង្គ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតនៅភូមិអូអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។
លោក ម៉ឹង អួន ភេទប្រុស អាយុ ៥៥ឆ្នាំ មានប្រពន្ឋឈ្មោះឈី សុខគង់ អាយុ២៧ឆ្នាំ មានកូន២នាក់មុខរបរ ដើរស៊ីឈ្នួលគ្រប់បែបយ៉ាងនៅក្នុងភូមិ គ្រួសារនេះស្ថិតនៅក្នុងកំរិតគ្រួសារដែលមានជីវភាពក្រីក្រ រស់នៅ ក្នុងខ្ទមដ៏កំសត់ និងត្រូវបានយកចិត្តទុកដាក់ពីសំណាក់ តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកប្រាសាទបាល្ល័ង្គ ប្រធានក្រុមការងារចុះជួយឃុំសាលាវិស័យ បានឃើញពីទិដ្ឋភាពក្រីក្រពិតប្រាកដ លោកតុប កក្កដា និងមន្រ្តីចំណុះឲ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ បានសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសាររបស់លោក ម៉ឹង អួន និងភរិយា ព្រមទាំងកូនៗ ឲ្យរស់នៅបានសុខសាន្តនិងគេ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបាល្ល័ង្គ បានថ្លែងអំណរគុណដល់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ រួមទាំងមន្រ្តីទាំងអស់ ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដឹងសុខដឹងទុក្ខ បានជួយចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានផ្តាំផ្ញើរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយគ្នាថែរក្សាសន្តិភាព និងត្រូវចងចាំថា ប្រទេសមានសន្តិភាព ការអភិវឌ្ឍន៍ និងភាពរីកចម្រើន និងកើតមានដល់បងប្អូន ទោះជានៅចំកាត់មាត់ញកក្តី ក៏មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការធ្វើដំណើរប្រាស្រ័យទាក់ក្នុងមុខរបរទទួលទានក៏ងាយស្រួល និងសូមឲ្យគាំទ្រការដឹកនាំបន្តទៀត របស់ប្រមុខរាជរដ្ឋាភិបាល ។
ក្នុងឳកាសផ្តល់ផ្ទះថ្មីនេះ លោកតុប កក្កដា និងលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបាល្ល័ង្គ បានផ្តល់ជូនអង្ករ១០០គ.ក,មីម៉ាម៉ា៥កេស, ទឹកស៊ីអ៊ីវទឹកត្រី៤យួរ, ទឹកសុទ្ធមួយកេស, ខ្ទឹមសរ២គ.ក, ប្រេងឆា៣គ.ក,អំបិល៥គ.ក, ប៊ីចេង២គ.ក រួមទាំងផ្ទះឈើដែលមានទំហំ ៥មគុន៧ម សាងសង់ខ្ពស់ផុតពីដី,ជញ្ជាំងនិងរនាបក្តា ប្រកស័ង្ខសី និងត្រូវបានចំណាយថវិការអស់៦.៣០០០០០រៀល។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានសន្យាជាមួយប្រជាពលរដ្ឋ ថានិងជួយសាងសង់ផ្ទះមួយខ្នងទៀត ជូនដល់ពលរដ្ឋមួយគ្រួសារដែលមានជីវភាពក្រីក្រនិងខ្វះខាតរស់នៅភូមិអូខ្សង់ ថែមទាំងបានថ្លែងអំណរគុណអាជ្ញាធរស្រុកនិងភូមិឃុំ និងមន្រ្តីបរិស្ថានទាំងអស់ ដែលបានសហការសាមគ្គីគ្នា រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ចុះជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការងារមនុស្សធម៌បន្តទៀត ក្នុងឳកាសនោះ ក៏បានចែកជូនរបស់កំដរដៃដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមជិត១០០នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុងមួយ និងនំប៉័ង២ដើម ។
ដោយ ប៊ុន រដ្ឋា






































