ព្រះវិហារ: ឈើសន្លឹក និងឈើដុំសរុបជាង១៥ម៉ែត្រគូស ត្រូវបានកម្លាំងជំនាញរៀបចំរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត និងមួយចំណែករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែក ក្រោយពីធ្វើការវាស់វែងរួច។ នៅក្នុងប្រតិបត្តិការចុះបង្ក្រាប ទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់ និងទីតាំងលួចលាក់ស្តុកឈើទុកក្នុងព្រៃ កាលពីព្រឹកថ្ងៃទី០៩ ទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លែងមកថ្មីៗនេះ។
គួររំលឹកថា សមត្ថកិច្ចចម្រុះ នៅក្នុងខេត្តព្រះវិហារ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងសិប្បកម្មលួចលាក់កែឆ្នៃឈើឥតច្បាប់មួយកន្លែង នៅក្នុងភូមិរុងរឿង១ និងទីតាំងស្តុបឈើលួចលាក់ក្នុងព្រៃ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ចំពោះប្រតិបត្តិការចុះបង្ក្រាប បទល្មើសធនធានធម្មជាតិខាងលើនេះ ប្រើអស់រយះពេលពេញពីរថ្ងៃ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ស៊្រុន ឡេងសៀក នាយរងសេនាធិការ ប្រចាំទិសស្រុកជាំក្សាន្ត រួមជាមួយនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើជាំក្សាន្ត ដឹកនាំដោយលោក ចាន់ វិទ្យា នាយរងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត។ ក្រោមការសម្របសម្រួលពីលោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រះវិហារ និងដោយមានកិច្ចសហការពីម្ចាស់ទីតាំងសិប្បកម្មផងដែរ។
នៅបន្ទាប់ពីការចុះប្រតិបត្តិការអស់រយះពេលពេញពីរថ្ងៃរួចមក កម្លាំងជំនាញរដ្ឋបាលព្រៃឈើជាំក្សាន្ត បានធ្វើការវាស់វែង និងបញ្ចប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។ សរុបលទ្ធផលបទល្មើសបានចំនួន១៥,៨៥២ម៉ែត្រគូស ក្នុងនោះរួមមាន ឈើប្រភេទ ឈើសុក្រំ ឈើផ្ចឹក សរុបចំនួន៧៩សន្លឹក ស្មើនឹង៣,៣៥៨ម៉ែត្រគូស និងប្រភេទឈើ(ឈ្លីក) សរុបចំនួន៨៧ដុំ ស្មើនឹង១២,៤៩៤ម៉ែត្រគូស។ និងចាប់យកវត្ថុតាងមួយចំនួនរួមមាន÷តាបឈូសឈើ១គ្រឿង, ម៉ាស៊ីនវៀល១គ្រឿង, ម៉ូទ័រខាត់២គ្រឿង, និងម៉ាស៊ីនគោយន្តចំនួន២គ្រឿង។
បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ឋិតក្នុងឃុំជាំក្សាន្ត និងថ្នាលបណ្តុះកូនឈើផ្នែក ឋិតក្នុងឃុំរំដោះស្រែ និងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕សួនលីណា