លោកអ៊ិត សុធា ព្រះរាជអាជ្ញា ដឹកនាំផ្នែករដ្ឋបាលព្រៃឈើស្ទោងរំដោះសត្វព្រៃប្រវឹកជាង១០០០ក្បាលប្រលែងចូលបឹងធម្មជាតិវិញ

0

កំពង់ធំ៖ រថយន្តកូរ៉េប្រើប្រាស់ស្លាកសញ្ញាក្រុមហ៊ុនCP ដែលជាក្រុមហ៊ុនដ៏ល្បី ក្នុងការធ្វើអជីវកម្មផ្នែកផ្គត់ផ្គង់អាហារគ្រឿងឧបភោគបរោភោគ​ទាំងក្នុងនិងក្រៅប្រទេស បានលួចដឹកសត្វព្រៃប្រវឹក ១៩៦៨ក្បាលត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្តោង រួមនឹងមន្ត្រីបានស្ទាក់ចាប់រថយន្តដឹកសត្វព្រៃ ដើម្បីរំដោះជីវិតសត្វព្រៃប្រវឹកជាងមួយពាន់ក្បាល នៅរសៀលថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០១៩។

តាមការឲ្យដឹងពីលោក ឈឿង គុណ នាយផ្នែកនៃរដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបរថយន្តដឹកសត្វព្រៃនេះ លោកបានទទួលព័ត៌មានពីបណ្តាញថា មានរថយន្តកូរ៉េមួយគ្រឿងចំណុះ១តោនកន្លះប្រើប្រាស់សញ្ញាផ្លាកក្រុមហ៊ុនCP  ដែលជាក្រុមហ៊ុនល្បី បានលួចដឹកសត្វព្រៃដែលកំពុងតែយើងធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ធំ លោកក៏បានសុំការឯកភាពពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីស្ទាក់រថយន្តត្រួតពិនិត្យ។

លោក នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានបញ្ជាក់ថា ក្រោយពីបានត្រួតពិនិត្យ ក៏ប្រទះឃើញមានកេសជ័រចំនួន៧៦កេស នៅក្នុងកេសមានសត្វប្រវឹកដែលជាសត្វព្រៃ ក៏បាននាំរថយន្តនិងមនុស្ស៣ នាក់ទី១ ឈ្មោះ ងួន សុភា អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសារភាពថា បានដឹកសត្វព្រៃចេញពីខេត្ត​សៀមរាបដឹកទៅភ្នំពេញ ជាមួយនឹងកម្មករ២នាក់ ទី១ឈ្មោះព្រេន និង នី វត្ថុតាងទាំងអស់ត្រូវ បាននាំមកផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើកំណត់ហេតុ ចំណែកសត្វប្រវឹកទាំងអស់ នៅរថយន្តត្រូវបានទម្លាក់ចុះដើម្បីរាប់ចំនួន លទ្ធផលគឺសត្វព្រៃប្រវឹកចំនួន១០៦៨ក្បាលចំណែកម្ចាស់​​​​​ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចរាល់ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក ឈឿង គុណ រួមទាំងមន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទោង សហការជាមួយលោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ និងមន្ត្រីជាច្រើនរូប នាំយកសត្វប្រវឹកជាង១០០០ ក្បាល ទៅព្រលែងចូលបឹងធម្មជាតិរមណីយដ្ឋានប្រិយប្រស់ នៅវេលាម៉ោង ២រសៀលក្នុងថ្ងៃដដែល។

លោកអ៊ិត សុធា ព្រះរាជអាជ្ញារ បានឲ្យដឹងថា លោកមានការសង្ស័យថា រថយន្តនេះអាចនិងលួចប្រើប្រាស់ ស្លាកសញ្ញារបស់ក្រុមហ៊ុន CP  ដើម្បីក្លែងបន្លំដឹកបទល្មើសខុសច្បាប់ លោកនឹងឲ្យជំនាញបើកការស៊ើបអង្កេតបើរកឃើញកំហុស ម្ចាស់ដឹកបទល្មើសអាចប្រឈមនិងក្រុមហ៊ុនប្តឹងបាន ក្នុងនោះក៏បានថ្លែងអំណរគុណដល់ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងកម្លាំងសមត្ថកិច្ចដែលបានសហការបង្ក្រាបបទល្មើសសត្វព្រៃ ដែលកំពុងតែចរាចរនៅលើដងផ្លូវដើម្បីទៅលក់ឲ្យឈ្មួញជាក់ស្តែងនៅពេលនេះយើងមានមោទនភាពយ៉ាងខ្លាំង ដោយបានជួយរំដោះជីវិតសត្វព្រៃជាង 1000 ក្បាលឲ្យមានសេរីភាពឡើងវិញ និងឲ្យរស់នៅបែបធម្មជាតិ។

ដោយ  ប៊ុន រដ្ឋា

លោក ឆៃ ​វុធ តំណាងក្រុមហ៊ុនCP បានបញ្ជាក់ថាក្រុមហ៊ុនCP បានជួលឡានពីថៅកែមួយនៅភ្នំពេញ សម្រាប់​ដឹកប្រហិត យកមកចែកចាយ នៅតាមបណ្តាខេត្តមួយចំនួន លុះនៅពេលដែលរថយន្ត ត្រឡប់មកភ្នំពេញវិញ គឺត្រូវបើក ឡានទទេ ចំណែកការលបលួចបទល្មើសខុសច្បាប់ ក្រុមហ៊ុនមិនទទួលខុសត្រូវ ហើយនិងបញ្ឈប់ការជួលឡានតែម្តង ចំណែកធ្វើឲ្យខូចឈ្មោះក្រុមហ៊ុននិងពិចារណា ថានិងត្រូវប្តឹងឬបែបណា។