ភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបរដោយបុរសជនជាតិកូរ៉េ២នាក់ក្នុងល្បឿនលឿនក៏ជ្រុលបុក រថយន្តមួយគ្រឿងជិះបញ្ច្រាស់ផ្លូវបណ្ដាលអោយរងការខូចខាតទាំងសងខាង ចំណែក រថយន្ត បើកបញ្ច្រាស់ផ្លូវនោះបានបើកគេចខ្លួនបាត់ដោយមិនបានធ្វើការដោះស្រាយនោះទេ
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុច មុខក្រសួងការពារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាកម៉ែកសឺដែស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-3720 ជិះដោយបុរស ជនជាតិកូរ៉េ២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ស្រាប់តែ មកដល់ចំណុចកើតហេតុក៏មានរថយន្តកូរ៉ូឡាស៊េរីចាស់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-9840 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច បញ្ច្រាស់ផ្លូវដោយបើកសរសៀៗក្បែរចិញ្ចើមផ្លូវបំរុងបត់ឆ្វេងទៅផ្លូវ២១៥ ក៏ត្រូវរថយន្តម៉ែកសឺ ដែសបុកចំពេញទំហឹងរងការខូចខាតជំហៀងខាងស្ដាំរថយន្តយ៉ាងដំណំ ចំណែករថយន្ត ម៉ែកសឺដេសរងការខូចខាតផ្នែកខាងមុខជំហៀងខាងស្ដាំផងដែរ។ បន្ទាប់ពីកើតហេតុភាគី ខាងរថយន្តកូរ៉ូឡាក៏បានព្យាយាមបើករថយន្តគេចខ្លួនបាត់ទាំងរថយន្តរងការខូចខាត ចំណែក រថយន្តម៉ែកសឺដែសក៏រងការខូចខាតមិនអាចបន្តដំណើរបាន ប៉ុន្តែជនបរទេសទាំង២ នៅតែខំប្រឹង បើកទាំងរថយន្តកំពុងមានបញ្ហាបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការតាមគោលដៅជិះ ដេញតាមឃាត់បាន ព្រោះខ្លាចបង្កគ្រោះថ្នាក់បន្តទៀត។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យនិងអប់រំហើយអោយម្ចាស់រថយន្តរករថយន្តស្ទូចមកស្ទូចយករថយន្តទៅ ជួសជុលដោយមិនអោយបើកបរបន្តទៀតនោះទេព្រោះរថយន្តមានបញ្ហាកង់ខាងមុខ៕