យក្សប៉ះយក្សបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ ៖ រថយន្តពណ៌ត្រេអុី សណ្តោងទ្រុងបែនមួយគ្រឿងបើកបោះពួយ ប្រញ៉ាប់ទៅដឹកថ្ម បែជាមិនដល់ដូចបំណង ជ្រុលទៅបុកកន្ទុយរថយន្តកុងតៃន័រ រយះដាច់ខ្ទេចខ្ទីកាប៊ីនរថយន្តបែន សំណាងល្អ មិនរងរបួសដល់មនុស្ស កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ កែមហាវិថីឈ្នះ ឈ្នះ ចំណុចភ្លើងស្តុប ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ ភាគីខាងរថយន្តកុងតៃន័រ ម៉ាក MITSUBISHI ពណ៌ខៀវ ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3B-0160 សណ្តោងកន្ទុយខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0062 ជិះគ្នា២នាក់ បើកតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ភ្លើងស្តុបពណ៌ខៀវ បានបត់ឡើងលើផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច ស្របពេលនោះស្រាប់តែ រថយន្តម៉ាកនីសាន់ សណ្តោងទ្រុងបែន ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 3-8631 ជិះគ្នា២នាក់ បើកល្បឿនលឿន បណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ជ្រុលទៅបុក កន្ទុយកុងតៃន័រពីក្រោយ បណ្តាលឲ្យ កាប៊ីនរថយន្តបែន រយ៉ះរយ៉ាយ ដាច់ ខ្ទេចខ្ទី ស្ទើរតែទាំងស្រុង ជាសំណាងល្អ មិនបង្កតបួសដល់មនុស្ស ។

ក្រោយភាគីសងខាង និយាយយកត្រូវរៀងខ្លួន ភាគីខាងកុងតៃន័រ ថាខ្លួនបើកបត់តាមសញ្ញាភ្លើងស្តុបខៀវ រីឯភាគីរថយន្តបែនថា ខ្លួនបើកផ្លូវតាមភ្លើងសញ្ញាស្តបខៀវដែរ ។

ជាលទ្ធផល រថយន្តទាំង២គ្រឿងត្រូវបាននគរបាលប្រចាំគោលដៅ នគរបាលប៉ុស្តិ៍ នាំដាក់គៀនខាងរួចប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង យកទៅរក្សាទុក រងចាំរកខុសត្រូវឃើញចាំដោះស្រាយជាក្រោយ ៕ដោយ៖សំនៀង