ឯកឧត្តម​​ ហ៊ុន​ ម៉ាណែត​ ៖​ យើងមិនបញ្ចប់ត្រឹមនេះទេ យើងនឹងបន្តកសាងតទៅមុខទៀត ដើម្បីបំពេញតម្រូវការនៃល្បឿនកំណើនប្រជា​ពលរដ្ឋ​

0

កំពង់ចាម​:​ ឯកឧត្តម​ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ថ្លែង​ថា​ យើងមិនបញ្ចប់ត្រឹមនេះទេ យើងនឹងបន្តកសាងតទៅមុខទៀត ដើម្បីបំពេញតម្រូវការនៃល្បឿនកំណើនប្រជា​ពលរដ្ឋ​ សមិទ្ធផលថ្ងៃនេះចាត់ទុកជាប្រវត្តិសាស្ត្រនៃការកសាងសមិទ្ធផលសម្រាប់កូនចៅប្រជាពរដ្ឋនៅតំបន់នេះ ដើម្បីសិក្សារៀនសូត្រក្នុងការអភិវឌ្ឍធនធានមនុស្ស​ ហើយសមិទ្ធផលនេះចេះតែវិវត្តន៍ទៅមុខ និងបន្តរីក ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ ​ឯកឧត្ដម​ រួមជាមួយ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចូល​រួម​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាមេមាំង ស្ថិតនៅឃុំល្វា ស្រុកព្រៃឈរ​ ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ​២០១៩​ ។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ បាន​លើក​ឡើង​ថា​ ទោះបីសប្បុរជនជាខ្មែរទៅនៅបរទេសក៏ដោយ ក៏បេះដូងនៅតែជាខ្មែរ ហើយជួយគៀងគរសប្បុរសជនកសាងសមិទ្ធផលផ្សេងៗ នៅក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានលទ្ធភាពចូលរួមកសាងសមិទ្ធផល និងជួយស្រុកកំណើត។ នេះហើយ គឺជាគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងធ្វើឲ្យខ្មែរនៅលើពិភពលោកបានជួយគ្នា រួមគ្នាកសាងសមិទ្ធផលនៅក្នុងស្រុក។ នេះគឺជាមោទនភាពណាស់ដែលខ្មែររួបរួមគ្នា ជួយគ្នា។

ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ បានបន្ត​ថា​ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយណាស់នៅអ្វីដែលជាតម្រូវការប្រជាជនចង់បាន ខិតខំកសាងសមិទ្ធផលនានា និងបង្កឱកាសសប្បុរសជន អង្គការ សមាគមចូលរួមកសាងសមិទ្ធផលផ្សេងៗរួមមានមន្ទីរពេទ្យវត្តអារាម សាលារៀន ដែលអាចជួយដោះស្រាយតម្រូវការប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់កូនចៅ។ នេះគឺជាគោលគំនិតសំខាន់របស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ។

ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ បាន​បន្ត​ទៀត​ថា​ អ្នកដែលដើរតួសំខាន់ក្រៅពីរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ គឺលោកគ្រូ អ្នកគ្រូ ដែលជួយកសាងប្រព័ន្ធអប់រំនៅកម្ពុជា។ នេះគឺជាគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ មិនត្រឹមតែកសាងធនធានមនុស្ស ជួយឱ្យមនុស្សមានអនាគត មានចំណេះដឹងនោះទេ ប៉ុន្តែបានលើកស្ទួយប្រទេសជាតិយើងតាមរយៈកសាងសមត្ថភាពមន្ត្រីអប់រំរបស់យើង។ យើងក្លាយជាប្រទេសកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ីដោយសារតែការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីយើង ដោយសារប្រព័ន្ធអប់រំខ្មែរយើង។ ដូច្នេះគុណបំណាច់របស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់គឺមានគុណខ្លាំងណាស់ក្នុងអាជីពសំខាន់បំផុតដែលធានានិរន្តភាពនៃការរីកចម្រើន។​

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ដេីម្បី​ពង្រឹង​គុណភាព​សិក្សា​ រាជរដ្ឋាភិបាល​បាន​តំឡើង​ប្រាក់​បៀវត្ស​ជូន​គ្រូបង្រៀន​​ជាបន្តបន្ទាប់​ ហើយ​ក៏​​​ត្រូវ​ទាមទារ​ឲ្យ​ប្អូនៗ​សិស្សានុសិស្ស​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ ក្រេបជញ្ជក់​យក​ចំណេះដឹងផងដែរ​ ព្រោះការ​មាន​ចំណេះដឹង​យ៉ាង​ពិត​ប្រាកដ​នេះហើយ​ ទេីប​អាច​ផ្តល់​ឱកាស​ឲ្យ​ប្អូនៗ​កសាង​អនាគត​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​ប្រសើរ​ និង​ឈាន​ទៅ​ដល់​ជួយ​កសាង​សង្គម​ជាតិ​យើង​ឲ្យ​មាន​ភាព​រីកចម្រេីន​ប្រសើរ​ឡើង​ទៀត​ផង​​ ជាមួយ​គ្នា​នោះ​ គ្រូ​បង្រៀន​ក៏​ត្រូវ​​បង្កើត​បរិយាកាស​ល្អ​ ​សម្រាប់​ទាក់ទាញ​ ឲ្យ​កូន​ក្មួយ​ចាប់អារម្មណ៍​​ចង់​រៀនសូត្រ​ផង​ដែរ​ ។