0

ព្រះវិហារ: អភិបាលខេត្តព្រះវិហា ឯកឧត្តម ប្រាក់ សុវណ្ណ រួមនិងលោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនចាស់ជរា ស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាតចំនួន៦គ្រួសារ រស់នៅភូមិថ្មី និងភូមិឡឥដ្ឋ ឋិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងដំណើរអញ្ជើញចុះជួប សាកសួរសុខទុក្ខប្រជាពលរដ្ឋនេះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ គិតគូរពីសុខទុក្ខ និងការរស់នៅ របស់ប្រជាជនគ្រប់រូបជានិច្ច។

ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរពិសេសចាស់ជរា ស្ត្រីមេម៉ាយ និងប្រជាពលរដ្ឋងាយរងគ្រោះ«ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ទៅដល់បងប្អូនទាំងអស់ ត្រូវចេះធ្វើការសំអាតជុំវិញផ្ទះ លុបសំបកដូង សំបកកំប៉ុង ដែលជាជម្រកមូស ហើយត្រូវសម្រាកក្នុងមុង ការពារកុំឲ្យមូសខាំបណ្តាលឲ្យកើតជម្ងឺក្រុងឈាម។

សម្ភារៈដែលផ្តល់ជូននាឱកាសនោះ មួយគ្រួសារទទួលបានអង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ទឹកស៊ីអីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ អាហារូបត្ថម្ភ១០កញ្ចប់ អាវយឺត៥ និងថវិកាមួយចំនួន។ បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្តបានជួយឧបត្ថម្ភដីចំនួន៣ឡាន ដើម្បីចាក់លុបទឹកដក់ នៅជុំវិញផ្ទះលោកយាយ ប្លោក រី ដែលជាចាស់ជរាផងដែរ៕សួនលីណា