ព្រះវិហារ: ឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយទាហាន នាយទាហានរង បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យចំនួន ៥០ម៉ឺនរៀល ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាចំនួនបីវត្ត ពិធីប្រគេននេះបានធ្វើឡើង នាព្រឹកថ្ងៃច័ន្ទ ១៤កើត ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវត្តគីរីសារវ័នខេមរៈតេជោ ឋិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះរួមមាន÷ វត្តចន្ទិការាម (ហៅវត្តកន្ទួត) វត្តព្រហ្មវិហារធម៌តេជោជប់រង្ស៊ីសិក្ខារាម (ហៅវត្តអង្ការអេដស៍) និងវត្តគីរីសារវ័នខេមរៈតេជោ (ហៅវត្តកងពលតូចលេខ៨) ដោយក្នុងមួយវត្តទទួលបានបច្ច័យសម្រាប់កសាងចំនួន ៥០ម៉ឺនរៀល ទៀនព្រះវស្សា១គូរ និងទេយ្យទានមួយចំនួន។
ដើម្បីជួយទ្រទ្រង់ទៅដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមា នៅតាមទីវត្តអារាម អស់កាលត្រីមាស៣ខែ ដោយចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ និងមួយចំណែក ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។ សូមអោយដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ មកទទួល នូវកុសលផលបុណ្យ ដែលឯកឧត្តម និងលោកជំទាវ ឧទិសជូននៅថ្ងៃនេះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ មានប្រសាសន៏ថា ព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន អាស្រ័យដោយមានការដឹកនាំដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំបានខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការរំដោះប្រទេសជាតិ អោយមានសុខសន្តិភាព ព្រមជាមួយនិងការអភិវឌ្ឍ រីកចម្រើនរុងរឿង រហូតមកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។
បន្ថែមពីនោះ ឯកឧត្តម លី ស៊ុន និងលោកជំទាវ បានវេរប្រគេនប្រាក់បច្ច័យបួន ដល់ព្រះភិក្ខុសង្ឃទាំងបីវត្ត សរុបចំនួន១៨អង្គ ក្នុងមួយអង្គស្លាដក១ បច្ច័យ៥ម៉ឺនរៀល លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ក្នុងម្នាក់សារុង១ ថវិការ១ម៉ឺនរៀល៕សួនលីណា




































