មន្ត្រីជំនាញការិល័យផលិតកម្មនិងបសុព្យាបាលខេត្តក្រចេះ បន្តរយុទ្ធនាការផ្សព្វផ្សាយអប់រំ ដល់អាជីវករលក់ដូរ សាច់សត្វតាមផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

0

ខេត្តក្រចេះ៖ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីកសិកម្មខេត្តក្រចេះ នៅតែបន្តរការងារចុះយុទ្ធនាការផ្សព្វផ្សាយ ទៅដល់អាជីវករលក់ដូរនៅតាមបណ្តារក្រុងស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីមានកាផ្ទុះនូវជម្ងឺប៉េស្តជ្រូក កំពុងតែរាតត្បាតនៅក្នុងប្រទេសវៀតណាមខ្លាំង ។
លោក តេត សារឿន ប្រធានការិល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីកសិកម្មខេត្តក្រចេះ មានប្រសាសន៍ថា ក្រសួងកសិកម្មក៏បានចេញសារាចរណែនាំស្ដីពីការទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាម ក្នុងនោះអាជ្ញាធរខេត្តក្រចេះក៏បានចេញសេចក្តីណែនាំលេខ០០៤ ជម្រុញឲ្យគ្រប់ភាគីទាំងអស់នៅក្នុងខេត្តក្រចេះ ជួយទប់ស្កាត់ការចលនាសត្វជ្រូកចេញពីប្រទេសវៀតណាម ជាពិសេសគឺមន្ត្រី នៅតាមបន្ទាត់ព្រំដែនតាមច្រកនានា ត្រូវចូលរួមនៅក្នុងការទប់ស្កាត់ការហូរចូលសត្វជ្រូកពីប្រទេសវៀតណាម ។
ជាក់ស្តែងនៅថ្ងៃទី១៤និងថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញនៃការិល័យផលិតកម្មនិងបសុព្យាបាល ចុះផ្សាព្វផ្សាយ អប់រំណែនាំដល់អាជីវករលក់ដូរ នៅផ្សារស្រុកស្នួលនិង ផ្សាថ្មីក្រុងក្រចេះ គឺដើម្បីឆ្លើយតបទៅនឹងការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានផលលិតកម្មនិងសុខភាពសត្វ និងមានការចង្អុលបង្ហាញទិសដៅពីសំណាក់ ឯកឧត្តមអភិបាលខេត្ត និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ ។ លោក ថារហូតមកដល់ពេលនេះ ចាប់បានមួយករណី ដែលមានការលួចដឹកឆ្លងដែនពីប្រទេសវៀតណាមឆ្លងពីខេត្តត្បូងឃ្មុំចូលមកខេត្តក្រចេះ មានសត្វជ្រូកចំនួន១០ក្បាល ក្នុងនោះមន្ត្រីយើងក៏បានធ្វើការបូបឈាមយកទៅមន្ទីរពិសោធន៍ និងធ្វើតេស្តមើលថាតើ សត្វទាំងអស់នោះមានវត្តមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិកដែរឬទេ ប៉ុន្តែជាលទ្ធផលសត្វជ្រូកទាំងនោះមិនមានវត្តមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិកទេ ដូច្នេះយើងក៏ធ្វើការផាកពិន័យទៅតាមច្បាប់ហើយយើងអនុញ្ញាតឲ្យគាត់យកទៅលក់ទៅតាមច្បាប់ដែលយើងបានកំណត់ដែរ ។
ជាមួយនិងកាចុះអប់រំផ្សព្វផ្សាយ របស់មន្ត្រីជំនាញ មានបងប្អូនអាជីវករលក់ដូរសាច់ជ្រូក នៅក្នុងផ្សារ មានការរអ៊ូរទាំចំពោះការលក់ដូរសព្វថ្ងៃគឺ មានការធ្លាក់ចុះ ដោយសារប្រជាជនមួយចំនួន ពួកគាត់កាត់បន្ថយក្នុងការទិញសាច់ជ្រូកយកទៅទទួលទានដូចមុនៗទេ បន្ទាប់ពីមានពាក្យចចាមអារ៉ាមឬក៏មានការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមនានាពាក់ព័ន្ធទៅនឹងការឆ្លងរីករាលដាលនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក ។
ក្នុងនោះលោកប្រធានក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋអ្នកទទួលទាន សូមកុំឲ្យមានការយល់ច្រឡំព្រោះអីជំងឺប៉េស្តជ្រូកអាហ្វ្រិក គិតមកដល់បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញថា មានការចម្លងពីសត្វទៅមនុស្សនោះទេ ដូច្នេះសូមកុំឲ្យបងប្អូនមានការព្រួយបារម្ភពីការទទួលទានសាច់ជ្រូក ។ តែត្រូវជៀសវាង ទទួលទានសាច់ជ្រូកដែលស្លាប់ដោយសារជម្ងឺ ពីព្រោះ អីយើងអត់ដឹងថាវាស្លាប់ដោយសារជំងឺអីនោះទេ ជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏មិនដឹង ឬក៏ជំងឺអីផ្សេងក៏មិនដឹងដែរ ព្រោះអីយើងមិនទាន់បានយកសត្វនោះទៅមន្ទីរពិសោធន៍ដើម្បីពិសោធឲ្យបានដឹងថាសត្វហ្នឹងមានជំងឺអ្វីឲ្យពិតប្រាកដនៅឡើយទេអញ្ចឹងសុំឲ្យសត្វស្លាប់សូមកប់ចោល។
ដោយឡែកបងប្អូនអាជីវករលក់ដូរ ក៍សូមអោយបញ្ឈប់កាទិញសត្វដែលគ្មានប្រភពច្បាស់លាស់យកទៅកាប់ ដើម្បីលក់ឲ្យប្រជាពលរដ្ឋទទួលទាន ជាពិសេសការលួចលាក់សូមបងប្អូនបញ្ឈប់ជាបន្ទាន់ក្នុងករណីដែលបងប្អូននៅតែប្រព្រឹត្តបងប្អូននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ។ជាមួយគ្នានោះដែរលោកប្រធាន ក៍បានអំពាវនាវដល់អាជ្ញាធរ រួមនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យមានការចូលរួមបន្តទៀតដើម្បីធ្វើយ៉ាងណាឲ្យខេត្តរបស់យើងចៀសវាងឱ្យបាននូវជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលមកដល់ក្នុងខេត្តរបស់យើង។ ដោយ ម៉េងគាង