ពលរដ្ឋ​​ ​អបអរសាទរ​ ចំពោះ​រាជរដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ផ្លូវជាច្រើនគីឡូម៉ែត្រ​ តភ្ជាប់​ពី​ស្រុក​កោះសូទិន​ និង​ស្រុក​ស្រីសន្ធរ​ ​

0

កំពង់ចាម​:​ ស្ថិត​ក្នុងដំណើរ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​នឹង​មន្ត្រី​រាជការ​នៃ​ស្រុក​កោះសូទិន​ និង​ស្រុក​ស្រីសន្ធរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ បានចុះ​ពិនិត្យ​ស្ថានភាព​សាងសង់​ផ្លូវកៅស៊ូ​១​ខ្សែ​ និង​ផ្លូវ​បេតុង​ ជាច្រើនគីឡូម៉ែត្រ​ តភ្ជាប់ពីស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈ​ដែល​ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តត្រែកអរ និងថ្លែងអំណរគុណជាខ្លាំងចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធក៏ដូចសប្បុរសជន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់ជាផ្លូវជាច្រើនគីឡូម៉ែត្រជូនដល់ពួកគាត់​ងាយស្រួលក្នុងការ​ធ្វើដំណើរ។
ដោយ​ការស្ថាបនាផ្លូវ​ ក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ ដែលមានមានប្រវែង ៣.២០០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ពីចំណុច ឃុំមហាខ្ញូង និងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ដែលសម្រេចលទ្ធផលបានប្រមាណជា៦០% ហើយ ។​ និង​ផ្លូវ​បេតុង​១ខ្សែ​ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ឋ បណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន​ ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ តាមរយះ ក្រុមហ៊ុន ប៉េងហួត ដែល​រហូតមកដល់ពេលនេះគឺ​ ចាក់បេតុងទាំងសងខាងផ្លូវសម្រេចបាន ប្រវែង ១៣គីឡូម៉ែត្រ និងចាក់មួយចំហៀងបានប្រវែង១៤គីឡូម៉ែត្រ​ ។ បើទោះបីជាសមិទ្ធផល ដែលកំពុងតែដំណើរការស្ថាបនាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ សម្ដែងនូវសេចក្ដីរីរាយជាខ្លាំង ក៏ព្រោះតែ មកដល់ពេលនេះ ពួកគាត់មិននឹកស្មានថា បានទទួលបានផ្លូវកៅស៊ូ​ និង​ផ្លូវ​បេតុង​យ៉ាងដូច្នេះឡើយ​ ។
គួរបញ្ជាក់ថាក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានអញ្ជើញចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងអជ្ញាធរមានសមត្ថកិច្ច​ ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដោយក្នុងនោះឯកឧត្តមក៏បានផ្តាំផ្ញើរទៅដល់មន្ត្រីរាជការនិងអជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងនាមជាអ្នកបម្រើរាស្ត្រពិតប្រាកដ និងជាអ្នកប្រតិបត្តករគឺ​ ត្រូវខិតខំបម្រើសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានលឿន និងធ្វើឲ្យបាន និងមានប្រសិទ្ធភាព។ ហើយត្រូវដោះស្រាយ​រាល់បញ្ហា និងក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានលឿនបំផុត។ ជាងនេះទៅទៀតឯកឧត្តម អភិបាលខេត្ត​ ក៏បានជម្រុញ និងលើកទឹកចិត្តទៅដល់រដ្ឋបាលស្រុកទាំងពីរខាងលើ​ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាការគ្រប់គ្រងមន្ត្រីរាជការ បញ្ហាប្រឈមបាក់ច្រាំងទន្លេ និងបញ្ហាដីធ្លីដោយក្នុងនោះលោកមេភូមិលោកមេឃុំត្រូវពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុននឹងស៊ីញ៉េទៅលើឯកសារណាមួយ៕