ក្រចេះ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តក្រចេះ ផ្សព្វផ្សាយវិធានការត្រៀមបង្ការ សង្គ្រោះនិងការឆ្លើយតបអោយបានទាន់ពេលវេលា ។កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលមហោស្របខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អភិបាលក្រុង ស្រុកមន្ត្រីរាជការ តាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរ មេឃុំ ចៅសង្កាត់ គ្រប់ឃុំទូទាំងខេត្ត ប្រមាណជា៣៤០នាក់ ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានឲ្យដឹងថា ៖ ក្រៅពីទឹកជំនន់ខេត្តក្រចេះតែងតែរងនូវមុខសញ្ញាគ្រោះអាសន្នមួយចំនួនទៀតដូចជា ៖ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្រ្ទាក់ រន្ទះនិងអគនគីភ័យជាដើម ដែលតែងតែយាយីអាយុជីវិត្តមនុស្ស សត្វ ខូចខាត់ទ្រព្យសម្បិត្តនិងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន។
ឆ្នាំនេះខេត្តក្រចេះក៏បានធ្វើការផ្សព្វផ្សាយតាមគ្រប់ប្រព័ន្ធ និងបានត្រៀមបង្ការរួចរាល់ពីគ្រប់មធ្យោបាយ កម្លាំងចម្រុះ ដើម្បីចុះអន្តរាគមជួយសង្រ្គោះ និងជម្លៀស និងជាពិសេសមានគ្រប់សេវាថែទាំអនាម័យសុខភាព មាននៅជាប់ជាប្រចាំ ដែលមានការចូលរួមសហការគាំទ្រពីអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងពីដៃគូរអភិវឌ្ឍន៍នានាផងដែរ ៕មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានចូលរួមសហការគ្នាក្នុងការត្រៀមបង្ការ និងវិធានការឆ្លើយតបគ្រោះមហន្តរាយ និងថែរក្សការពារសុខសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនឲ្យទាន់ពេលវេលា ដើម្បីឲ្យជៀសផុតពីការរងគ្រោះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជម្រុញអោយកម្លាំងដែលត្រូវត្រៀមជួយលើការងារសង្គ្រោះ សំខាន់បំផុតកម្លាំងស្នូល គឺកម្លាំងសមត្ថកិច្ច ក៍ដូចប្រជាការពារ និងក្រុមយុវជន ត្រូវមានការបែងចែកជាក្រុមអោយបានច្បាស់លាស់ដើម្បីងាយគ្រប់គ្រងនិងជួយសង្គ្រោះ ជៀសវាងភាពរញ៉េរញ៉ៃនិងបង្កគ្រោះថ្នាក់បន្ថែម ។
ឯកឧត្តម មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងការជួយសង្រ្គោះ និងស្តារឡើងវិញ ក្រសួងពាក់ព័ន្ធក៍ត្រូវត្រៀមបង្ការកញ្ចប់ថវិការដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដោយគិតលើអាយុជីវិតជាអាទិភាព ហើយត្រូវគិតថាគាត់ចង់បានអ្វីនៅពេលជួបគ្រោះ និងក្រោយចប់គ្រោះមហន្តរាយ ។ក្នុងនោះឯកឧត្តម ក៍បានស្នើអោយអាជ្ញាធរត្រូវចុះសិក្សាវាយតម្លៃប៉ាន់ប្រមាណពីផលប៉ះពាល់ និងធ្វើគម្រោងផែនការស្នើរ ដើម្បីឆ្លើយតបនិងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាពចំគោលដៅបន្ទាន់ និងត្រូវចូលរួមឲ្យបានផុលផុសទាំងអស់គ្នា ជាមួយកម្មវិធីទទួលដំណឹងគ្រោះអាសន្នមហន្តរាយនានា ទៅតាមតំបន់នីមួយៗដែលខ្លួនរស់នៅ តាមរយះការចុះឈ្មោះជាសមាជិក(១២៩៤) ហើយសូមបន្តផ្សព្វផ្សាយពីស្ថានភាពព័ត៌មានគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងប្រុងប្រយ័ត្នត្រៀមបង្ការជំលៀសនិងសង្រ្គោះអោយបានទាន់ពេលវេលាផងដែរ ៕ ដោយ ម៉េង គាង