កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទពិសោធន៍នៃការបង្ក្រាបការជួញដូរ ចែកចាយការប្រើប្រាស់គ្រឿងញៀន តាមក្លឹបកម្សាន្ត និងសប្បាយដ្ឋាន ដេីម្បីជំរុញ លេីកទឹកចិត្ត ដល់ម្ចាស់អាជីវកម្មទាំងនោះ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដេីម្បីឈានទៅដល់ការទប់ស្កាត់ បង្ការ និងបង្គ្រាប ឲ្យខាងតែបាន លេីការប្រេីប្រាស់ ចរាចរ ជួញដូរ ចែកចាយ នូវសារធាតុញៀនដោយខុសច្បាប់ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា គ្រឿងញៀនវាពិតជាបង្កគ្រោះថ្នាក់ដល់ សង្គមជាតិ វាបានបំផ្លាញនូវសតិអារម្មណ៍ និងស្មារតីរបស់មនុស្ស បំផ្លាញសេដ្ឋកិច្ច សង្គមនិងតម្លៃមនុស្សជាតិយើងទាំងមូល។ អ្នកប្រព្រឹត្តគ្រឿងញៀនអាចប្រព្រឹត្តនូវ បទល្មើសផ្សេងៗដូចជា អសន្តិសុខសង្គម ហានប្រព្រឹត្តបទល្មើសផ្សេងៗ និងបានបំផ្លាញ សេចក្តីសុខខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងជីវភាពរស់នៅផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ដែរថា អ្វីដែលបានឆ្លងកាត់ការពិគ្រោះគ្នាអាជ្ញាធរខេត្ត ក៏បានរកឃើញកន្លែង ដែលងាយរងគ្រោះនោះ គឺគោលដៅ នៅតាមក្លឹបកម្សាន្ត និងសប្បាយដ្ឋាននេះឯង ព្រោះប្រសិនជា មានអ្នកលួចប្រើប្រាស់ ក្នុងមូលដ្ឋានបងប្អូននោះ យើងនឹងទទួលរងគ្រោះ ដោយសារតែជនល្មើសទាំងនោះដែរ ដូច្នេះយើងត្រូវរួមសហការគ្នា ដេីម្បីឈានទៅដល់ការទប់ស្កាត់ បង្ការ និងបង្គ្រាប ឲ្យខាងតែបាន លេីការប្រេីប្រាស់ ចរាចរ ជួញដូរ ចែកចាយ នូវសារធាតុញៀនដោយខុសច្បាប់ ។
លោក អ៉ីម ស៊ាងឌី ស្នងការរងទទួលផែននគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ននេះសភាពការណ៍នៃគ្រឿងញៀន ហាក់បីដូចមានការកើនឡើង គួរឲ្យចាប់អារម្មណ៍ និងមានការរីករាលដាល ចាប់ពីទីប្រជុំជន រហូតដល់ជនបទ លើការចរាចរណ៍ជួញដូរ ចែកចាយ និងប្រើប្រាស់បំពានគ្រឿងញៀន។
លោកបានបន្តថា បើទោះបីជាសមត្ថកិច្ច មានការសហការ ជាមួយប្រជាពលរដ្ឋ ខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ ក៏បទល្មើសគ្រឿងញៀននេះ មិនបានថយទៅកម្រិតទាបនៅឡើយទេ ហើយសកម្មភាពល្មើស នៅតែជាបញ្ហា និងមានការប្រែប្រួលយ៉ាងស្មុកស្មាញ បង្ករមហន្តរាយធ្ងន់ធ្ងរដល់មនុស្ស និងសង្គមជាតិ ពោលគឺ បទល្មើសលួច ប្លន់ រំលោភ គ្រោះថ្នាក់ចរាចរណ៍ និងប្រព្រឹត្តអំពើហិង្សាផងដែរ៕





































