អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ រួមនិងមន្រ្តីរាជការយុវជនសិស្សានុសិស្សរួមគ្នាបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀននៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង: ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ សម្រាប់ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងធ្វើការផ្សព្វផ្សាយនិងបញ្ជ្រៀបដល់យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជ
ការគ្រប់ស្ថាប័នក្នុងខេត្តស្ទឹងត្រែង ។

នេះជាលើកទី៤ នៃផ្សព្វផ្សាយផែនការស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០១៩ ដែលត្រូវបានគណ:កម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានរៀបចំឡើងនៅថ្ងៃទី១៧កក្កដានេះ នៅឯសាលាខេត្តស្ទឹងត្រែង ។
លោកយង់ សុវឌ្ឍនា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា:ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការរយៈពេល១ឆ្នាំ គឺចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីរួមចំណែកអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យមានប្រសិទ្ធិភាព ។ ហើយគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចជា ការកាត់ផ្តាច់ឬសគល់នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អប់រំ ផ្សព្វផ្សាយ គៀងគរសមាសភាពមន្ត្រីរាជការ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ កម្មករ និងប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យចូល
រួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំរុញអនុវត្តវិធានការច្បាប់ និងរដ្ឋបាលឲ្យបានដូចភ្លៀងរលឹម ពង្រឹងសមត្ថភាព កម្លាំងមានសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តារអង្គភាពប្រឆាំងគ្រឿង
ញៀនរបស់ប្រទេសជាប់ព្រំដែន ឲ្យបានទូលំទូលាយ ។
លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណ:កម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលបានដាក់ចេញនូវវិធានការនេះ សម្រាប់ការទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់ ។ លោកថា: បញ្ហាគ្រឿងញៀនជាបញ្ហាដែលយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះគ្រឿងញៀននេះហើយដែលនាំឲ្យបំផ្លិចបំផ្លាញសង្គមជាតិ និងរាំងខ្ទប់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ។
លោកអភិបាលខេត្ត បានបន្ថែមថា: សិស្សានុសិស្ស យុវជន មន្ត្រីរាជការ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមទាំងអស់គ្នាក្នុងការបង្កា្របទប់ស្កាត់
ការហូរចូល និងចររាចណ៍ ក៏ដូចជាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដើម្បីសង្គម ក៏ដូចជាភូមិ/ឃុំ/ស្រុក និងសង្គមជាតិយើងគ្មានគ្រឿងញៀន ដែលអាចរក្សាបាននូវអនុសាសន៍ទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល ៕ ដោយ៖ ម៉ា វិន