កំពង់ធំ៖ ក្រុមគ្រួសារអតីយុទ្ឋជនក្នុងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់មកលើ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត និងជួបការលំបាក រួមទាំងបានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី ខេត្តក្រុង ឃុំសង្កាត់ សម្រាប់ជួយដល់អតីតយុទ្ធជនដែលមានគុណបំណាច់លើប្រទេសជាតិ។
ជាក់ស្តែង ឯកឧត្តម ឧត្តសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងត្រូវបាន ប្រមុខរាជរដ្ឋាភិបាលផ្តល់នូវទំនុកចិត្ត បន្ថែមតួនាទីនិងភារកិច្ចសំខាន់ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបានដឹកនាំក្រុមការងារគណៈកម្មាធិការសមាគម ស្រុកក្រុងចុះជួយដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដែលជួបការលំបាក និងមានជីវភាពខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។
ជាក់ស្តែងនៅរសៀលថ្ងៃថ្ងៃអង្គារ៍ទី១៦ខែកក្កដា ឆ្នាំ២០១៩ ឧត្តសេនីយ៍ទោ សោម ស៊ុន រួមជាមួយអាជ្ញាធរ ដែនដី បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងទៀតហើយ ដែលជាខ្នងផ្ទះលើកទី១២៥ អំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ឋជនទីទ័លក្រគឺលោកយាយ វ៉ាន់ ខុន អាយុ ៦៣ ឆ្នំា មានសមាជិក១២នាក់ មានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា លំនៅដ្ឋានដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានសាងសង់រួច និងបានផ្តល់ជូនដល់អតីតយុទ្ធជន និងសាច់ញាតិអតីតយុទ្ធជនសម្រាប់ខេត្តកំពង់ធំ មកដល់ពេលនេះគឺ១២៥ខ្នងផ្ទះ ដែលត្រូវបានសាងសង់ដោយ កងកម្លាំងចំណុះនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ជាក់ស្តែងខ្នងផ្ទះដែលប្រគល់ជូននាពេលនេះគឺជាខ្នងផ្ទះលើកទី១២៥ មាន
ទំហំ ៤,៣០ម៉ែត្រ x ៦,៥០ម៉ែត្រ សាងសង់ ពីឈើខ្ពស់ផុតពីដី រនាបនិងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ចំណាយថវិកាសាងសង់ចំនួន៧,៣៥០,០០០ រៀល ។
ឆ្លៀតក្នុងឳកាសនេះ ឯកឧត្ដមមេបញ្ជាការ បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំជឿកុំចាញ់បោកការ ឃោសនាមូលបង្កាច់ បំផុសពត៌មានញុះញង់លាបពណ៍ បំបែកបំបាក់ជាតិ ពីសំណាក់ក្រុមជនអគតិមួយចំនួននាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះថ្នាក់នៃសង្គ្រាមសារជាថ្មី និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែល កំពុងមានដូចសព្វថ្ងៃនេះឲ្យ ក្នុងឳកាសប្រគល់ផ្ទះ ក្រុមការងារថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានផ្តល់ជូនបន្ថែមអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២ កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនូន២យួរ មុងជ្រលក់ថ្នាំចំនួន២ និង ថវិកា ចំនួន ១០០,០០០ រៀល ។
ដោយ ប៊ុន រដ្ឋា





































