មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានដង្ហែនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមជាមួយបច័្ចយកសាង ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន២ ស្ថិតក្នុងឃុំយាង នៃស្រុកជាំក្សាន្ត!

0

ព្រះវិហារ: វត្តពីរ ស្ថិតនៅក្នុងឃុំយាង នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានទៀនព្រះវស្សា និងទេយ្យទាន ព្រមជាមួយនិងបច្ច័យសម្រាប់កសាង ពីឯកឧត្តម ឈឺន វណ្ណី មេបញ្ជាការរង និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមជាមួយនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងគោលបំណងចូលរួមចំណែក ក្នុងពិធីចូលកាន់ព្រះវស្សា ក៏ដូចជាការចូលរួមប្រតិបត្តិ នូវវិស័យព្រះពុទ្ធសាសនា ក្នុងរយៈពេល៣ខែ ដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីអារាម ខណៈដែលព្រះសង្ឃទាំងអស់ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅទីណាបាន។ និងមួយចំណែកឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។

ឯកឧត្តម ឈឺន វណ្ណី មេបញ្ជាការរង និងជាអនុប្រធានក្រុមការងារចុះជួយឃុំយាង បានបញ្ជាក់ឲ្យដឹងថា ដោយក្នុងមួយវត្តទទួលបាន ទៀនព្រះវស្សាចំនួន១គូរ ប្រេងម៉ាស៊ូត ៣០លីត្រ អង្ករ២បេ ត្រីខ ២យួរ មី ២កេស ទឹកបរិសុទ្ធ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកក្រូច ២កេស ប្រគេនប្រាក់បច្ច័យបួន ដល់ព្រះភិក្ខុសង្ឃចំនួន៤អង្គ សរុប៣០ម៉ឺនរៀល ជូនលោកយាយ លោកតា ៦៦នាក់ សរុប៧២ម៉ឺល និងបច័្ចយសម្រាប់កសាងមួយវត្ត៧០ម៉ឺនរៀល សរុបទាំង២វត្ត ចំនួន១លាន៤០ម៉ឺនរៀល។

បន្ថែមពីនោះ នៅក្នុងនាមអនុប្រធាន ក្រុមការងារចុះជួយឃុំយាង ឯកឧត្តម ឈឺន វណ្ណី និងលោកជំទាវ បានប្រគល់ថវិការចំនួន៧លាន ៥សែនរៀល ដល់លោក ហ៊ឹម ហឿន មេឃុំយាង ទុកសម្រាប់កសាង និងជួសជុលផ្លូវលំ ក្នុងភូមិអន្ទិលផងដែរ៕សួនលីណា