ក្រចេះ៖ ករណីផ្ទុះនូវជម្ងឺគ្រុនឈាមនៅក្នុងខេត្តក្រចេះ គិតត្រឹមសប្តាហ៍ទី២៨ ឆ្នាំ២០១៩នេះអ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាមកើនឡើងដល់៧នាក់ហើយ ក្នុងចំណោមអ្នកជម្ងឺគ្រុនឈាមចំនួន១.៤៧៧នាក់ ដែលត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីពេទ្យ ។នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ថែទាំនិងព្យាបាលជម្ងឺគ្រុនឈាម ដល់គ្រុមគ្រូពេទ្យ ប្រមាណជា១៦០នាក់ ក្រោមអធិបតីភាព ឯកឧត្តម យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងគោលបំណងបញ្ជ្រាបឲ្យកាន់តែដឹងបន្ថែមអំពីមុខសញ្ញា និងរោគសញ្ញានៃការផ្ទុកជម្ងឺគ្រុនឈាម ។
យោងតាមរបាយករាណ៍លោក វិជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ៖ ករណីផ្ទុះនូវជម្ងឺគ្រុនឈាមនៅក្នុងខេត្តក្រចេះ គិតត្រឹមសប្តាហ៍ទី២៨ ឆ្នាំ២០១៩នេះ មានចំនួន១.៤៧៧នាក់ ក្នុងនោះស្លាប់៧នាក់ ហើយកាផ្ទុះនៃជម្ងឺគ្រុនឈាម ភាគច្រើន គឺនៅឃុំឃ្សឹម ក្នុងស្រុកស្នួល ខេត្តក្រចេះ ។
មានប្រសាសន៍ក្នុងសិក្ខាសាលានោះដែរ ឯកឧត្តម យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជា និងបណ្ដាប្រទេសមួយចំនួនកំពុងមានការផ្ទុះនូវជំងឺគ្រុនឈាម តម្រូវឲ្យប្រជាពល រដ្ឋមានការយល់ដឹង និងការពារទប់ស្កាត់នៃការទូទាត់ជំងឺគ្រុនឈាម ដោយ សារជំងឺគ្រុនឈាមនេះកាន់តែវិវឌ្ឍន៍ធ្វើឱ្យអ្នកជម្ងឺបាត់បង់ជីវិតភ្លាមៗ ។
ក្នុងនោះឯកឧត្តម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីពេទ្យភ្លាមៗ ប្រសិនបើរកឃើញថា អ្នកជម្ងឺមានកម្តៅកើនឡើងដល់៣៨.៥អង្សាសេ ខណះកាប្រើថ្នាំបញ្ចុះកំដៅមិនចុះកម្ដៅក្នុងរយៈពេល២ថ្ងៃ និងមានសញ្ញាសន្លឹម ឬកុមារឡេះឡះអស់កម្លាំង និងមានឈឺនៅក្នុងពោះ ដោយថ្លើមរីកធំ ត្រូវបញ្ជូនកុមារមកពីគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបង្អែកដែលនៅជិតបំផុត ។
លើសពីនេះអ្វីដែលគួរយល់ដឹងបន្ថែមនិងជួយ អ្នកជម្ងឺគ្រុនឈាម បានលឿនទាន់ពេលវេលា ក្រៅពីក្រុមគ្រូពេទ្យ គឺអាណាព្យាល ដែលនៅជិតជាមួយអ្នក ជម្ងឺ គឺមិនត្រូវផ្សំថ្នាំផ្តេសផ្តាស ដែលអាចបង្ករឲ្យប៉ះពាល់ទៅដល់អាយុជីវិត ហើយត្រូវពិនិត្យតាមដាន និងយល់ច្បាស់ពីស្ថានភាពរោគសញ្ញានៃជម្ងឺនេះ ដើម្បីបញ្ជូនអ្នកជម្ងឺមកសង្រ្គោះព្យបាលបានទាន់ពេវលា ។ មិនត្រូវទុកអ្នកជម្ងឺចោលតែម្នាក់ឯកនោះទេ ព្រោះស្ថានភាពជម្ងឺនេះមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដូចនេះសូមប្រុងប្រយ័ត្ន និងរាយការណ៍ជូនពេទ្យជាបន្ទាន់ និងត្រូវចូលរួមការពារ សម្អាតបរិស្ថានលំនៅផ្ទះ ឲ្យពន្លឺចូលគ្រប់គ្រាន់ និងដាក់ថ្នាំអាប៊េតតាមទីតាំងដក់ទឹកផងដែរ ៕ ដោយ ម៉េង គាង