ខេត្តបន្ទាយមានជ័យ៖ កម្ពុជាពិសេសតំបន់ព្រំដែន ទោះបីបញ្ចប់សង្រ្គាមទាំងស្រុងនោះក៏ពិតមែនប៉ុន្តែគ្រាប់មីននិងកាកសំណល់សង្រ្គាមនៅតែមានកប់រាយប៉ាយនៅក្នុងនិងលើដីក្នុងតំបន់ដែលមិនទាន់ធ្វើការបោសសំអាតរួចរាល់ដែលជាបញ្ហាប្រឈមបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
ជាក់ស្ដែងគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់កប់ក្នុងដីចំការនៅទីតាំង២កន្លែងផ្សេងគ្នាតំបន់អតីតសមរភូមិសង្រ្គាមក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានប្រទះឃើញ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះទៅប្រមូលយកដើម្បីរក្សាទុករងចាំប្រគល់ឱ្យមន្រ្តីស៊ីម៉ាកយកទៅបំផ្លាញចោលបញ្ចៀសគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុអាក្រក់ណាមួយកើតឡើង។
ការប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចដីចំការដំឡូងមីមួយកន្លែងក្នុងភូមិពន្សាយជើង ឃុំស្វាយចេក និងចំណុចដីចំការមួយកន្លែងទៀតនៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក។
វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ប្រាប់ថាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ១០គ្រាប់ខាងលើគឺគ្រាប់មីនស្គរប្រឆាំងនិងមនុស្សមាន៩គ្រាប់និងគ្រាប់កាំភ្លើងត្បាល់១គ្រាប់ប្រភេទ១៣០មីលីម៉ែត្រ។ការប្រទះឃើញគ្រាប់ទាំងនោះមានប្រជាពលរដ្ ឋ ២ នាក់ទៅធ្វើដីចំការដំឡូងមីនិងធ្វើស្រែប្រទះឃើញខណៈដែលមានការដកស្មៅដំឡូងមីនិងភ្ជួររាស់ដី។
លោកអធិការបញ្ជាក់ទៀតថាគ្រាប់ទាំងនោះបានយកមករក្សាទុកកន្លែងសុវត្ថិភាពនោះហើយដើម្បីរងចាំប្រគល់ឱ្យមន្រ្តីជំនាញស៊ីម៉ាកយកទៅកំទេចចោល។
សូមរំលឹកថានៅខេត្តបន្ទាយមានជ័យនេះផងដែរ កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់ប្រឆាំងនិងយន្តហោះនិងគ្រាប់ប្រឆាំងនិងមនុស្សចំនួន៤១៤គ្រាប់ក្នងនោះមាន គ្រាប់កាំភ្លើង ម៉ាក ១២,៧ ចំនួន ៣៨៥ គ្រាប់ និង DCA( គ្រាប់ បាញ់ យន្តហោះ ) បានទៅឱ្យមន្រ្តីជំនាញដោះមីនហេឡូត្រាក់ ដើម្បីយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព។ក្រោយប្រជាពលរដ្ឋនៅស្រុកភ្នំស្រុកបានប្រទះឃើញគ្រាប់ទាំងនោះកប់ក្នុងដីចំការមួយកន្លែងដែលជាអតីតបន្ទាយកងទ័ព ក្នុងតំប់អតីតសមរភូមិសង្រ្គាម ក្នុងភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
ជុំវិញបញ្ហានេះកម្ពុជានៅមានផ្ទៃដីរងនូវការគម្រាម ពីមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រមាណ២ពាន់១៤៨គីឡូម៉ែត្រក្រឡា ។រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែល ធ្វើអោយកម្ពុជាអស់ការគម្រាមកំហែងដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ៕ដោយ៖ ឃិន គន្ធា




































