ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ដបើកប្រតិបត្ដិការបង្ក្រាបរថយន្ដដឹកឈើ (ប៉ាកុង) ៤គ្រឿង និងត្រាក់ទ័រអូសឈើមួយគ្រឿង នៅស្រុកសៀមប៉ាង, ស្រុកសៀមបូក និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងដុតចោលទាំងយប់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩នេះ ។
សមត្ថកិច្ចបានអោយដឹងថាប្រតិបត្តិការនេះកម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល, រដ្ឋបាលព្រៃឈើ, បរិស្ថាននិងអាជ្ញាធរដែនដីក្រោមការសម្រប សម្រួលពី ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តលោក វង្ស សាវ៉ាត និងអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា។
សមត្ថកិច្ចបានប្ដថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចុះរុករក និងត្រួតពិនិត្យរថយន្តប៉ាកុងសរុបចំនួន ៤ គ្រឿងនិងត្រាក់ទ័រក្បាល អូសឈើ១គ្រឿង ដែលក្នុងនោះរកឃើញនៅស្រុកសៀមប៉ាង ចំនួន០៣ គ្រឿងក្នុងនោះមានត្រាក់ទ័រមួយ, នៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ក្រុងស្ទឹងត្រែង០១គ្រឿង, នៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង និង០១គ្រឿងទៀត នៅភូមិ-ឃុំកោះសំពាយ ស្រុកសៀមបូក ។
រហូតមកដល់យប់ថ្ងៃដដែលនេះ សមត្ថកិច្ច បានសម្រេចដុតកម្ទេចោល មធ្យោបាយប្រព្រឹត្តបទល្មើស០៣ គ្រឿង រួចហើយ។
ការដុតបំផ្លាញមធ្យោបាយដឹកឈើពេល នេះនិងពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងអោយដឹងថា វិធានការក្តៅមួយនេះត្រូវបានធ្វើឡើងដោយមិនបានឃ្លាតឆ្ងាញពីច្បាប់នោះឡើយ ហើយក៏បានអប់រំជាច្រើនលើក ច្រើនសាររួចហើយ ទើបឈានដល់ការដុតបំផ្លាញ។
សូមរម្លឹកថារយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បានបញ្ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការចាប់ខ្លួនមនុស្ស, មានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និង រឹបអូសរថយន្តជាច្រើនគ្រឿង រហូតដុតបំផ្លាញចោលផងដែរ៕ដោយ៖ម៉េង ហួត