រថយន្តរ៉េវដឹកឈើហុប២គ្រឿង និងគោយន្តកន្ត្រៃយ៍១គ្រឿង ត្រូវបានក្រុមការងារចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តព្រះវិហារ បានដុតបំផ្លាញចោល!

0

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារចំរុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តព្រះវិហារ បានដុតបំផ្លាញចោល រថយន្តប្រភេទរ៉េវដឹកឈើហុបចំនួន ២គ្រឿង និងគោយន្តកន្ត្រៃយ៍ចំនួន១គ្រឿង ស្ថិតក្នុងភូមិពោធិទៀប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ការដុតរថយន្តប្រភេទរ៉េវ និងគោយន្តកន្ត្រៃយ៍នេះ ធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរស្រុកឆែប កងកម្លាំងប្រដាប់អាវុធទាំង៣ និងជំនាញរដ្ឋបាលព្រៃឈើផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីអនុវត្តន៍វិធានការក្តៅ ក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះបានធ្វើការដកហូតឈើគ្រប់ប្រភេទបានចំនួនជាង ១០០០ម៉ែត្រគូប ដកហូតសម្ភារជាច្រើន។

ដោយឡែកថ្ងៃនេះ ក្រុមការងារបានដុតកំទេចចោលរថយន្ត និងគោយន្តដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ទៀតផង។ ទោះជាយ៉ាងណា ក្រុមការងារបទល្មើសបង្រ្កាបធនធានធម្មជាតិខេត្តព្រះវិហារ នៅតែបន្តអនុវត្តន៍វិធានការក្តៅជានិច្ច ដោយមិនមានការរាថយឡើយ៕សួនលីណា