កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានគណៈពង្រឹងស្រុកព្រៃឈរ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតែងតាំង លោក ឡោ ចាន់លី ជា
ប្រធានគណបក្ស ប្រជាជន កម្ពុជា ស្រុកព្រៃឈរ ជំនួស លោក ទេព រាមមុនី ដែល ត្រូវ បានចូលនិវត្តន៍ ។ ដែលពិធីនេះត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុក ព្រៃឈរ ដោយមានការ អញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ ។
បន្ទាប់ពីទទួលការតែងតាំងនេះ លោក ឡោ ចាន់ លី ប្រធាន គណបក្សប្រជាជន កម្ពុជា ស្រុក ព្រៃឈរ បានឡើងធ្វើការថ្លែង អំណរគុណចំពោះ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានគណៈពង្រឹងស្រុកព្រៃឈរ ជាពិសេស ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្តលេីរូបលោក ឲ្យទទួលមុខតំណែងជា ប្រធានគណបក្ស ប្រជាជន កម្ពុជា ស្រុក ព្រៃឈរ ហើយលោក ក៏ បានធ្វើការប្តេជ្ញាចិត្តថា នឹង អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។
លើសពីនេះទៅទៀតនោះ លោកក៏បានបេ្តជ្ញាចូលរួម ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ដោយឈរលើគោលការណ៍ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ដើម្បីឲ្យស័ក្តិសមទៅនឹងជ័យជំនះ យ៉ាងភ្លូកទឹក ភ្លូកដី ដែលប្រជាជនបានគាំទ្រមកលើគណបក្ស ប្រជាជន កម្ពុជា។
លោកក៏បាន បេ្តជ្ញាខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី ៦ នេះផងដែរ ៕




































