ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំឭកឲ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុដែលទើបទទួលមុខតំណែងថ្មី ត្រូវអនុវត្ដតាមការប្ដេជ្ញាចិត្ដ បំពេញតួនាទីភារកិច្ចរបស់ខ្លួនជាមន្ដ្រីល្អ

0

ព្រះសីហនុ៖ ថ្ងៃសុក្រថ្ងៃទី ១៩ ខែកក្កដា គ.ស ២០១៩ លោក បូរី វង្សសានិត្យ ក្រមខណ្ឌ ក.៣.១ អតីត អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស ត្រូវបានផ្ទេរមកកាន់តំណែង
ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដព្រះសីហនុ ជំនួសលោក ណុប ហេង ត្រូវផ្ទេរឲ្យទៅទទួលភារកិច្ចថ្មីនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជួន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន មានប្រសាសន៍ដាស់តឿនឲ្យប្រធានមន្ទីរថ្មីកុំធ្វើមន្ត្រីតួឯក ត្រូវធ្វើមន្ដ្រីបម្រើរាស្ដ្រឲ្យបានល្អ ត្រូវអនុវត្ដតាមការប្ដេជ្ញាចិត្ដរបស់ខ្លួន និងការណែនាំចង្អុលបង្ហាញពីគណៈអភិបាលខេត្ដ រួមទាំងត្រូវជម្រុញរៀបចំផែនការលម្អិតអំពីការជួសជុល និងកសាងផ្លូវទាំង ២២ ខ្សែឲ្យបានលឿនប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុង ខេត្ដ ធ្វើឲ្យបានប្រសើរឡើងវិញ ឲ្យបាននៅមុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ខាងមុខនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន ក៏បានលើកឡើងបញ្ជាក់បន្ថែមថា សូមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ដែលទើបនឹងត្រូវបានតែងតាំងចូលកាន់តំណែងថ្មីនេះ ត្រូវរៀបចំធ្វើផែនការលម្អិតអំពីគម្រោងផ្លូវទាំង ២២ខ្សែនេះឲ្យបានលឿន ដើម្បីពិភាក្សាជាមួយក្រសួង ឬថ្នាក់ជាតិសម្រាប់ពង្រឹងលក្ខណៈបច្ចេកទេសឲ្យបានល្អប្រសើរ ហើយត្រូវអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ដឲ្យបានល្អប្រសើរ។
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនថ្មី បានធ្វើការប្ដេជ្ញាចិត្ដថា ១.អនុវត្ដនូវយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ច្បាប់ និងបទដ្ឋាននានា បទបញ្ជារបស់រាជរដ្ឋាភិបាលគោលការណ៍ណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជួន គណៈអភិបាលខេត្ដ និងគណៈបញ្ជាការឯកភាពខេត្ដឲ្យមានប្រសិទ្ធភាពខ្ពស់ ទាំងបរិមាណ និងគុណភាព។
២.រឹតចំណង និងប្រមូលផ្តុំកម្លាំងសាមគ្គីផ្ទៃក្នុងអង្គភាព គោរពមនសិការវិជ្ជាជីវៈ បង្កើនសមត្ថភាពការងារឲ្យមានប្រសិទ្ធិភាពខ្ពស់។ ៣.សហការល្អជាមួយបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រោមឱវាទ ដើម្បីអនុវត្ដការងារឲ្យទទួលបានជោគជ័យ។ ៤.ទទួលយកនូវរាល់ដំបូន្មានល្អៗ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាននានាក្នុងន័យរិះគន់ដើម្បីស្ថាបនាដើម្បីឲ្យរូបលោក និងមន្ត្រីអនុវត្ដ បានសម្រេចការកិច្ចប្រកបដោយផ្លែផ្កា និងទទួលបានជោគជ័យ។
ទន្ទឹមនោះ លោកប្រធានមន្ទីរថ្មីក៏បានថ្លែងអំណរគុណពីបទពិសោធន៍ស្នាដៃការងារ និងសមិទ្ធិផលនានា ក្នុងវិស័យសាធារណការ និងដឹកជញ្ជួនរបស់រៀបច្បង ដែលបានបន្សល់ទុកកន្លងមកផងដែរ ៕