ដីនៅកណ្តាលក្រុងនៅមានអ្នករំលោភយក! ម្ចាស់ដីអំពាវនាវឲ្យអាជ្ញាធរជួយអន្តរាគមន៍

0

សៀមរាប៖ ប្រជាពលរដ្ឋមួយគ្រួសាររស់ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប បានសម្តែងនូវការហួសចិត្ត ខណៈដីរបស់គាត់កាន់កាប់តាំងពីឆ្នាំ១៩៩៤ មានគេមកធ្វើរបងរំលោភយកទាំងកំរោល។
លោក លី ហេង អាយុ៦៨ឆ្នាំ ដែលអះអាងខ្លួនថាជាម្ចាស់ដីដែលគេរំលោភយកនោះ បានរៀបរាប់ថា កាលពីឆ្នាំ១៩៩៤ គាត់បានទិញដីពីប្រជាពលរដ្ឋចំនួនប្លង់ ជាប់គ្នា ដោយប្លង់ទី១មានទំហំ៦០គុណ៨០ម៉ែត្រ និងប្លង់ទី២មានទំហំ១ហិកតា ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដោយមានការដឹងឮពីអាជ្ញាធរកាលជំនាន់នោះផងដែរ។ បន្ទាប់ពីបានកាប់កាប់គាត់បានធ្វើរបង និងកូនផ្ទះមួយនៅក្នុងដីនោះផងដែរ។ លោកបន្តថា តែក្រោយមកដោយដីនោះត្រូវជាប់ក្នុងតំបន់បុរីសណ្ឋាគារ របងរបស់គាត់ត្រូវបានអាជ្ញាធរអប្សរារុះរើចេញ ប៉ុន្តែកាលនោះលោកក៏បានប្តឹងតវ៉ារួចរាល់ហើយដែរ។
លោកបន្តថា លុះក្រោយមកប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចឆ្វៀលដីម្តុំកន្លែងគាត់រួចផុតពីការគ្រប់គ្រងដោយអាជ្ញាធរអប្សរាវិញ។ហើយដីនេះលោកក៏តែងតែមកមើលថែរក្សាជាញឹកញាប់ផងដែរ។តែក្រោយមកដោយលោកមានជំងឺទៅព្យាបាលនៅថៃមិនបានមកមើល ក៏ស្រាប់តែលឺថាមានគេលួចធ្វើប្លង់រឹងលើដីរបស់គាត់ និងបានដឹកសម្ភារៈសំណង់មកធ្វើរបង។ ទើបលោកបានស្នើសុំទៅអាជ្ញាធរភូមិ សង្កាត់ ក្រុង និងខេត្ត ដើម្បីអន្តរាគមន៍សុំផ្អាកការសាងសង់បណ្តោះអាសន្នសិន។ ចុងក្រោយក្រុមគ្រួសាររបស់ពលរដ្ឋខាងលើបានសំណូមពរទៅសម្តេចតេជោ និងសម្តេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយរកភាពយុត្តិធម៌ឲ្យគ្រួសារពួកគាត់ផង ត្បិតអីបច្ចុប្បន្នមានអ្នកមានអំណាចមកលួចធ្វើប្លង់រឹងនៅលើដីរបស់ពួកគាត់យ៉ាងគគ្លើន គ្មានញញើតនិងផ្លូវច្បាប់បន្តិចសោះឡើយ។
ចំណែកម្ចាស់ដីដែលគេអះអាងថា មានប្លង់រឹងនោះក្រុមអ្នកព័ត៌មានបានព្យាយាមទំនាក់ទំនងរកការបំភ្លឺដែរតែគ្មានលេខទូរស័ព្ទ និងម្ចាស់ដីនោះលាក់ឈ្មោះមិនចេញមុខ៕