ឧត្ដមសេនីយ៍ទោ សោម ស៊ុននិងក្រុមការងារចុះប្រគល់លើកទី១២៦ជូនអតីតយុទ្ធជនឈ្មោះយឿន យ៉ូត

0

កំពង់ធំ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារសមាគមចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១២៦ និងជាអំណោយដ៏ ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនអតីតយុទ្ធជនពិការ នៅ ភូមិស្លា  ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩។

អំណោយខ្នងផ្ទះទី១២៦ ត្រូវបានសាងសង់ដោយ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងស្រុក​ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី រនាបនិងជញ្ជាំងក្តារ ដំបូលប្រក់ ស័ង្កសី  ជណ្ដើរកាច់ ដែលបានចំណាយថវិកាក្នុងការសាងសង់ អស់ទឹកប្រាក់៧,៣៥០,០០០ រៀល និងត្រូវបានផ្តល់ជូនលោក យឿន យ៉ូត អាយុ៥៤ឆ្នាំ ជាបុរសពោះម៉ាយមានកូននៅក្នុងបន្ទុកចំនួន៣ នាក់ អតីតមានឋានៈជាពល បាល ឯក ធ្លាប់ចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ  ១៩៨១ អង្គភាពយោធាស្រុកស្ទោង នៃយោធាខេត្តកំពង់ធំ និងត្រូវរបួសពិការ ជើងខាងស្តាំ និងភ្នែកស្តាំ ដោយសារជាន់មីន ក្នុងសម័យសង្គ្រាមនៅសមរភូមិ ឃុំប្រឡាយ  ស្រុកស្ទោង ខេត្តកំពង់ធំ នៅឆ្នាំ១៩៩១។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូនអតីតយុទ្ធជន និងប្រជាជនឲ្យបងប្អូនយើងទាំងអស់ ត្រូវអប់រំកូនចៅត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន  ចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តនូវការពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ បំពាក់ភ្លើងស្លាកសញ្ញាសម្គាល់ យានយន្ត  ក្នុងពេលបើកបរ ជាពិសេសពេលបើកបរម៉ូតូ ដើម្បីការពារអាយុជីវិតយើង   ។

ក្នុងឳកាសផ្តល់ផ្ទះជូនដល់អតីតយុទ្ធជនពិការ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានជួយឧបត្ថម្ភបន្ថែម ដែលមានអង្ករ៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ  មុងជ្រលក់ថ្នាំ ចំនួន ២  និងថវិកាចំនួន៣០០,០០០ រៀល   ។

ជាចុងក្រោយ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានសំណូមពរ ឲ្យអតីតយុទ្ធជន ថែរក្សាទ្រព្យ សម្បត្តិដូចជាផ្ទះសំបែង និងសម្ភារៈប្រើប្រាស់ ដែលមានឲ្យប្រើប្រាស់បានយូរអង្វែង ដែលជាចំណងដៃរបស់ សម្តេច តេជោ ហ៊ុន សែន  និងសម្តេច កិត្តិព្រិទ្ធបណ្ឌឹតដែលបានផ្តល់ជូន អាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្តែងនូវសោមនស្សរីករាយ និងអបអសាទរចំពោះគ្រួសារអតីតយុទ្ធជន និងបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន  សែន  ជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត   ។

ដោយ​ប៊ុន រដ្ឋា