ខេត្តរតនគីរី៖ ក្រោយពីយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើ របស់ឯកឧត្តម នាយឧត្តមសៅ សុខា បានធ្វើ សកម្មភាពយ៉ាងក្តៅគគុក និងឈានដល់ការចាប់មនុស្សដែលពាក់ព័ន្ឋនិងបទល្មើសព្រៃឈើ ធ្វើឲ្យក្រុមឈ្មួញមួយចំនួន ភ័យស្លន់ស្លោរ ខ្លះរត់គេខ្លួន ខ្លះរត់រកអ្នកធំជួយដែលធ្លាប់ផ្តល់លាភឲ្យ ខ្លះទៀតកំពុងតែឆ្លើយដាក់គ្នាទៅវិញទៅមក។
ជាក់ស្តែង តាមប្រភពព័ត៌មាន ពីបុគ្គលម្នាក់ដែល ធ្លាប់ធ្វើជាមេការក្នុងការដោះស្រាយបញ្ហាសមត្ថកិច្ច ដែល សុំមិនបញ្ជេញឈ្មោះបានឲ្យដឹងថា តាមការពិតថៅកែដ៏ធំនៅពីក្រោយខ្នង នៃការកាប់បំផ្លាញព្រៃឈើ ក្នុងខេត្តរតនគីរី គឺលោក មាន ហុង ជាថៅកែធំ និងជាអ្នកទម្លាក់លុយរាប់លានដុល្លា ឲ្យពួកខ្លួនធ្វើសកម្មភាព ជួលឲ្យកម្មករកាប់អាឈើក្នុងខេត្តរតនគីរី ដែលមានលោក ហ៊ូវ ជីវ៉ៃ ជាអ្នកមើលការខុសត្រូវ ចំណែករូបលោក គ្រាន់តែគេឲ្យទៅជួយម្តងម្កាល ខណៈពេលមានបញ្ហា។ប្រភពដដែលបានបញ្ជាក់ថា លោក មាន ហុង ជាជនជាតិវៀតណាម និងជាថៅកែធំក្នុងការបំផ្លាញ់ព្រៃឈើ និងបានទម្លាក់លុយក្នុងមួយខែៗ រាប់លានដុល្លាដើម្បីបំផ្លាញព្រៃឈើរបស់ខ្មែរ នៅស្រុកតាវែង និងស្រុក អណ្តូងមាស ខេត្តរតនគីរី ដែលមានសេនាដៃឆ្វេង និងដៃស្តាំ ឈ្មោះ នី កាចាញ និងលោក ហ៊ូវ ជីវ៉ៃ ជាអ្នករត់ ការបិទអ្នកសារព័ត៌មានទូទាំងប្រទេស ក្នុងនោះលោក ហ៊ូវ ជីវ៉ៃ បានទទួលលុយពីលោក មាន ហុង ក្នុងមួយខែ ១០ម៉ឺនដុល្លាដើម្បីប្រើការ និងធានាមិនឲ្យបែកធ្លាយព័ត៌មាន ។
ប្រជាសហគមន៍ព្រៃឈើ នៃខេត្តរតនគីរី បានសំណូមពរ ឲ្យឯកឧត្តម នាយឧត្តមសៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មាធិការ បង្រ្កាបបទល្មើស ជួយចាត់វិធានការចាប់ មេក្លោងឈ្មោះ មាន ហុង ជាថៅកែធំ នៅពីក្រោយការកាប់បំផ្លាញព្រៃឈើ នៅខេត្តរតនគីរី លោក មាន ហុង ហៅហុង មាន ធ្លាប់មានប្រពន្ឋជាជនជាតិខ្មែរ និងបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឈ្មោះ លោក មាន ហុង កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ ១៩៨០ អាសយដ្ឋាន ភូមិជើងធ្លុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពបានបន្តថា ខណៈពេលដែលសកម្មភាព ការបង្រ្កាបរបស់សមត្ថកិច្ច បានធ្វើឡើងកក្រើកដី លោក មាន ហុង ដែលជាថៅកែធំ នៅពីក្រោយការកាប់បំផ្លាញព្រៃឈើ ខេត្តរតនគីរី បានរត់គេខ្លួនទៅ សម្ងំលាក់ ខ្លួននៅប្រទេសវៀតណាម ខណៈនេះគឺពុំទាន់ហ៊ានចូលមកប្រទេសកម្ពុជានៅឡើយទេ មហាជនកំពុងតែ រងចាំមើលថា តើឈ្មួញឈើដ៏ល្បី គឺលោក មាន ហុង និងសេនាដៃឆ្វេង សេនាដៃស្តាំ ដែលមានឈ្មោះ នី កាចាញ និងលោក ហ៊ូវ ជីវ៉ៃ អាចរួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ?។ ដោយ ខេមរា