កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្កា និងសង្រ្គោះគ្រោះមហន្តរាយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ 
កិច្ចប្រជុំនេះបានធ្វើឡើង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរថ្នាក់ជាតិ មន្ត្រីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរ តំណាងកាកបាទក្រហមកម្ពុជា និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្តកំពង់ចាម ផងដែរ ។
តាមរបាយការណ៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ខេត្តកំពង់ចាមជាខេត្តមួយស្ថិតនៅស្របតាមដងទន្លេមេគង្គ ដែលងាយរងគ្រោះដោយទឹកជំនន់បង្កឲ្យមានការបាក់ច្រាំងទន្លេ ទាំងគ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម ប៉ុន្តែលទ្ធភាព នៃការឆ្លើយតបរបស់ខេត្ត នៅមានកម្រិត និងសុំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយដើម្បីខេត្តមានលទ្ធភាពឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានជំរុញដល់អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ត្រៀមបង្កាឆ្លើយតប និងស្ដាឡើងវិញនៅពេលមានគ្រោះមហន្តរាយកើតឡើង ព្រោះការត្រៀមផែនការឆ្លើយតបនឹងគ្រោះមហន្ត ពិតជាមានសារៈសំខាន់ណាស់ ខណៈបច្ចុប្បន្នដោយសារតែឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាពករដ្ឋ ដូចជាគ្រោះទឹកជំនន់លិចលង់បង្កឲ្យមានការបាក់ច្រាំងទន្លេ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម ។
ដេីម្បីត្រៀមបង្ការ និងឆ្លេីយតបឲ្យបានទាន់ពេលវេលានោះ ឯកឧត្តមក៏បានជំរុញ ដល់អាជ្ញាធរត្រូវធ្វេីផែនការត្រៀមឲ្យបានលំអិតជាក់ស្តែង រួមទាំងការបំរុងទីទួលសុវត្ថភាព មធ្យោបាយ សម្ភារៈ ការត្រៀមបំរុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំការហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សផងដែរ ៕






































