អភិបាលខេត្តកំពង់ធំ ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចាត់វិធានការឲ្យបាន ហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

0

ខេត្តកំពង់ធំ៖ ក្នុងឱកាសកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ឯកឧត្តមបានបន្តទៀតថាយើងត្រូវរួមគ្នា ធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ ហើយមិនត្រូវបណ្ដែតបណ្ដោយ ឲ្យមានការកាប់បំផ្លាញធនធានធម្មជាតិតទៅទៀតនោះទេ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង​កើតមាន​​ និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលចាំបាច់តម្រូវឲ្យ អាជ្ញាធរមានសមត្ថកិច្ចអស់គ្រប់លំដាប់​ថ្នាក់​រួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានស្នើឱ្យគណៈអភិបាលក្រុងស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់​ការរាតត្បាតជំងឺគ្រុនឈាម និងត្រូវក្ដាប់ឱ្យបាននូវសភាព​ការណ៍​ថ្មីៗ ហើយរាយការណ៍ជាបន្ទាន់មក​គណៈបញ្ជាការឯកភាពខេត្ត។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះផ្ដោតសំខាន់លើ៖ វិធានការវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាព្រិច និងជំងឺគ្រុនឈាម, វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ, វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក វិធានការការក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, វិធានការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសំណង់ និងបញ្ហាផ្សេងៗផងដែរ៕