ឯកឧត្តម.ស្រី ឌឹក និងលោកជំទាវ បន្តប្រគេនទៀនព្រះវស្សា ជូនព្រះភិក្ខុសង្ឃ នៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ!

0

!ព្រះវិហារ: ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលោកជំទាវ ចាន់ សាមីស្រីឌឹក នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តប្រគេនទៀនព្រះវស្សាដល់វត្តចំនួន២ ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី១.គឺវត្តត្រពាំងសង្កែខេមរៈសែនជ័យ និងវត្តឃោសិតារាម (ហៅវត្តពាក់ស្បែក)។

ក្នុងឱកាសដែល ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២ បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមនឹងក្រុមការងារ ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលតែងមានសទ្ធាជ្រះថ្លា បរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងផ្លូវព្រះពុទ្ធសាសនា តាមរយៈការចូលរួមកសាងនូវសមិទ្ធផលនានា ក្នុងពេលកន្លងមក។ ជាក់ស្តែង នៅពេលនេះទៀតសោត ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ បានប្រគេននូវ ទៀនព្រះវស្សា រួមនឹងទេយ្យវត្ថុជាច្រើនមុខសម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សា ក្នុងរយៈពេល៣ខែ នៅតាមទីវត្តអារាម។

ជាមួយគ្នានោះ ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត បានលើកឡើងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជា ពេលវេលាដ៏សំខាន់សម្រាប់ព្រះភិក្ខុសង្ឃ និងសាមណេ ត្រូវគង់ក្នុងព័ទ្ធសីមាវត្តរៀនធម៌ និងវិន័យ តាមពុទ្ធឱវាទ ហើយក្នុងវេលានេះ អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូល ព្រះវស្សារយៈពេល៣ខែ ដោយដឹកនាំយកជាស្លាដក គ្រឿងចង្ហាន់ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ បានប្រគេននូវ ទៀនព្រះវស្សា និងបច្ច័យ រួមទាំងទេយ្យវត្ថុជាច្រើនមុខ ដល់ព្រះសង្ឃទាំងពីរវត្ត ក្នុងនោះវត្តត្រពាំងសង្កែខេមរៈសែនជ័យ ទទួលបានទៀនព្រះវស្សា១គូរ បច្ច័យចំនួន750,000៛ និងទេយ្យវត្ថុមួយចំនួន។ រីឯវត្តឃោសិតារាម (ហៅវត្តពាក់ស្បែក) ទទួលបានទៀនព្រះវស្សា១គូរ បច័្ចយចំនួន810,000៛ រួមនឹងទេយ្យវត្ថុមួយចំនួន។ បន្ថែមពីនោះ ឯកឧត្តម និងលោកជំទាវ បានប្រគេនថវិការចំនួន2000$ ដល់ព្រះគ្រូចៅអធិការវត្តត្រពាំងសង្កែខេមរៈសែនជ័យ សំរាប់ថ្លៃកសាងទ្វាដែកចំនួន6វង់ និងចែកជូនលោកយាយ លោកតា ប្រជាពុទ្ធបរិស័ទ សរុប960,000៛៕សួនលីណា