ប្រជាពលរដ្ឋជាង៨០០គ្រួសារ រស់នៅក្រុងព្រះវិហារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តព្រះវិហារ!

0

ព្រះវិហារ: ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ របស់រាជរដ្ឋាភិបាល ចំនួន៨៨០ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ធ្វើការប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៨៨០គ្រួសារ ដែលរស់នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ ស្ថិតក្រោមវត្តមាន ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងអស់លោកអភិបាលក្រុង ចៅសង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលាក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាស់ របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺដេីម្បីសំគាល់ម្ចាស់អចលនវត្ថុស្របច្បាប់ លើការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានចំនួន៨៨០ប័ណ្ណ ស្មើនឹង៨៨០គ្រួសារ មកពីភូមិចំនួន២ រួមមាន÷ ភូមិដំណាក់ សង្កាត់កំពង់ប្រណាក និងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោក សំ សារឿន បានបន្តថា ចាប់ពីថ្ងៃនេះរហូតរយៈពេលមួយខែ បងប្អូនប្រជាពលរដ្ឋ ទៅទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកុំបីខាន។

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ របស់រាជរដ្ឋាភិបាល សរុបចំនួន១១៣៨ក្បាលដី ដែលមានផ្ទៃដីទំហំ២០១០៦ហិកតា ជូនប្រជាពលរដ្ឋ ៨៨០គ្រួសារ។ បន្ថែមពីនោះឯកឧត្តមអភិបាលរងខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី នាពេលនេះ ត្រូវថែរក្សាទុកឲ្យបានគង់វង្ស ធ្វើការដាំដុះដំណាំផ្សេងៗ ដេីម្បីលើកកំពស់ជីវភាពគ្រួសារប្រចាំថ្ងៃ នៅឲ្យឆ្ងាយពីបទល្មើសផ្សេងៗ ជាពិសេសល្បែងកន្ទុយលេខ ជាទង្វើរខុសច្បាប់ដែលសង្គមជាតិស្អប់ខ្ពើម។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងបន្តទៀតថា ប័ណ្ណកម្មសិទ្ធិដីធ្លីជាឯកសាររដ្ឋបាល ដែលបានបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហេីយប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឹជាម្ចាស់ដីពេញលក្ខណៈនឹងត្រូវបានការពារដោយច្បាប់៕សួនលីណា