ព្រះសីហនុ រសៀលថ្ងៃទី 23 ខែកក្កដាឆ្នាំ 2019 លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនប្រតិបត្តិករបណ្ដាញខ្សែកាបអុបទិច/ខ្សែអ៊ីនធឺណិតនៅក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះដែរមានការចូលរួមពីមន្ត្រីអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនដូចជាមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពអគ្គិសនីខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងតំណាងក្រុមហ៊ុនរកស៊ីលើបណ្ដាញខ្សែអ៊ីនធឺណិតផងដែរ ដោយបានផ្ដោតសំខាន់ទៅលើផែនការកាត់ទម្លាក់ខ្សែកាបខ្សែអ៊ីនធឺណិតដែលបានចងព្យួររញ៉េរញ៉ៃតាមបង្គោលភ្លើង នៅតាមដងផ្លូវសំខាន់ៗដោយជំនួសមកកប់វានៅក្រោមដីវិញដើម្បីធានាសោភ័ណ្ឌភាពនិងសុវត្ថិភាព។
លោក ម៉ាង ស៊ីណេត បានស្នើក្រុមហ៊ុនស៊ីហ្វុក ដែលទទួលរ៉ាប់រងក្នុងការកប់ខ្សែកាបនៅក្រោមដីត្រូវពិនិត្យមើលគន្លងខ្សែកាប្លិ៍ក្រោមដីនៅតាមបណ្ដោយផ្លូវចំនួន 22 ខ្សែនៅក្នុងក្រុងព្រះសីហនុដែលនឹងធ្វើការស្ថាបនានិងកែលម្អឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ។
លោក ម៉ាង ស៊ីណេត បានស្នើសូមឲ្យប្រតិបត្តិករបណ្ដាញខ្សែអ៊ីនធឺណិតនៅក្រុងព្រះសីហនុខិត្តខំទាំងអស់គ្នាដើម្បីមុខមាត់របស់ខេត្តព្រះសីហនុទាំងមូលហើយត្រូវធ្វើឲ្យបណ្ដាញប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់កាន់មានភាពល្អប្រសើរ។
តាមរយៈកិច្ចប្រជុំពិភាក្សានេះ
លោក ម៉ាង ស៊ីណេត ក៏បានស្នើឱ្យក្រុមហ៊ុនទាំងអស់ត្រូវសហការដើម្បីបន្តកាត់ទម្លាក់ខ្សែកាប/ខ្សែអ៊ីនធឺណិតតាមបង្គោលអគ្គិសនីនៅតាមបណ្ដោយផ្លូវគោលដៅដែលបានកំណត់បន្តទៀតតាមផែនការ។




































