កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បានអញ្ជើញសំណេះសំណាល ជាមួយក្រុមការងារ ឃុំបន្ទាយស្ទោង ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយបញ្ហានានា ដែលប្រឈមនៅក្នុងមូលដ្ឋាន សំណូមពររបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត កិច្ចប្រជុំនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ រួមជាមួយស្ថាប័ន ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានភូមិទាំង១៥ ចំណុះឲ្យឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានផ្តោតសំខាន់លើបញ្ហា ដូចខាងក្រោម ។
ទី១ ៖ ការអនុវត្តផែនការ សកម្មភាពកម្មវិធីការងារ របៀបរបបប្រជុំ និងរបៀបរបបការងាររបស់ក្រុមការងារចុះមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង តាមការកំណត់របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកំពង់ធំ ។ ទី២ ៖ ពិភាក្សាការរៀបចំ បន្តធ្វើវេទិកាសាធារណ: នៅតាមមូលដ្ឋាន ដើម្បីក្ដាប់ជាប់នូវបញ្ហាប្រឈម និងការដោះស្រាយសំណូមពរចាំបាច់នានា របស់ប្រជាពលរដ្ឋយើង នៅតាមគោលដៅនិមួយៗ ប្រសិទ្ធភាព។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានសំណូមពរដល់ក្រុមការងារទាំងអស់ រួមជាមួយអាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបម្រើប្រជាជន ដោះស្រាយការលំបាករបស់ប្រជាជនឲ្យទាន់ពេលវេលា តាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងត្រូវស្មោះត្រង់បម្រើប្រជាជន ដោយស្មោះអស់ពីចិត្តពីថ្លើម មិនត្រូវធ្វើឲ្យប្រជាជនថ្នាំងថ្នាក់ ដោយការយឺតយ៉ាវ ក្នុងការបម្រើសេវានានា ដែលគាត់ត្រូវការចាំបាច់ឡើយ។
ក្រោយពីបាន ប្រជុំបានឯកភាពគ្នា ក្រុមការងារក៏បានប្តេជ្ញាចិត្ត ក្នុងការអនុវត្តន៍ ត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹកនាំប្រទេសបន្ត ទៀត ដើម្បីសុខសន្តិភាព និងភាពរីកចម្រើនរុងរឿងបន្តទៀត។
ដោយ ប៊ុន រដ្ឋា





































