ខេត្តកែប៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩!រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត
មេបញ្ជាការ ស្នងការ បញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នាយក នាយករងទីចាត់ការ រដ្ឋបាល ក្រុង ស្រុក លោកគ្រូ សិស្សានុសិស្ស កាកបាទក្រហម កម្ពុជាខេត្ត កាយរិទ្ធ ប្រជាពលរដ្ឋនៅភូមិដំណាក់ចង្អើរ ។
ក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើរក្នុងអង្គពិធីដូចខាងក្រោម៖
ថ្ងៃនេះយើងធ្វើការដាំកូនឈើគ្រប់ប្រភេទ នឹងដើមឈើប្រភេទកម្រ ដែលជារបស់មានតម្លៃនៅក្នុងវត្តសត្ថារាជាអង្គព្រៃធំនាពេលនេះ។ ការប្រារព្ធពិធីបុណ្យ រុក្ខទិវានាឱកាសនេះ មានអត្ថន័យទូលំទូលាយ និងមានសារៈសំខាន់ដ៏ជ្រាលជ្រៅ សម្រាប់បំផុស រំលឹកស្មារតី ព្រមទាំងកើនរំលឹកទៅដល់បងប្អូន ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកែបយើងទាំងមូល ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការបំផុសចលនាក្នុងការដាំដើមឈើ ដើម្បីជាប្រយោជន៍មនុស្សជាតិ និងសោភ័ណ្ណភាពនៅក្នុងភូមិសាសន៍ខេត្តកែបយើងផងដែរ។
ពិធីបុណ្យ « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
ទិវានេះពិតជាមានអត្ថន័យដ៏ឧដុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការទូទាំង ប្រទេសក្នុងការជំរុញលើកទឹកចិត្តចូលរួម ចលនាដាំដើមឈើ ដើម្បីផ្ដល់ជាសារប្រយោជន៍ធនធាន
ទ្រទ្រង់វិស័យកសិកម្មបង្កើន សុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា » ៕




































