កំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន ត្រូវបានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងមហាជនពីមជ្ឈដ្ឋាននានា ទាំងក្នុងខេត្ត និងក្រៅខេត្តចាត់ទុក្ខជា បុរសបេះដូងមនុស្សធម៌ ទៅលើអតីតយុទ្ធជន ប្រជាជន និងគ្រួសារទីទ័ល់ ក្រដោយមិនរើសរអើស រហូតទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ រួមទាំងបានជួយចែករំលែកឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភគ និងសម្ភារៈដើម្បីបន្តធ្វើសកម្មភាព មនុស្សធម៌ ។
ជាក់ស្តែងនារសៀលថ្ងៃ ទី ២៥ខែកក្កដា ឆ្នាំ ២០១៩ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឆ្លៀតឳកាសក្រោយពីបំពេញការងារស្នូលរបស់អង្គភាព ដឹកនាំក្រុមការងារ ទៅសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ របស់ក្រុមគ្រួសារអតីតយុទ្ធជន ពលី និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ចំនួន២ គ្រួសារ រស់នៅពីរឃុំផ្សេងគ្នា ស្ថិតនៅក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ភរិយា លោកអនុសេនីយ៍ទោ នង បៀង អតីតយុទ្ធជនពលី ឈ្មោះយ៉ោក សុន អាយុ៥៥ឆ្នាំ ប្រធាននយោបាយយោធា វរសេនាតូចលេខ៥៥ ចាស់នៃយោធាខេត្តកំពង់ធំ អ្នក មីងមានកូន៥នាក់ កូនប្រុសគាត់ពីរនាក់ទៅធ្វើកម្មករនៅភ្នំពេញ កូនប្រុស៣ នាក់ទៀតនៅក្នុងបន្ទុក កូនៗមិនបានចូលសាលារៀនសូត្រទេ បច្ចុប្បន្នដើរស៊ីឈ្នួលធ្វើកម្មករ ដោះស្រាយជីវភពគ្រួសារ និងព្យាបាលជំងឺ បច្ចុប្បន្នរស់នៅភូមិត្រាច ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ចំណែកគ្រួសារអ្នកមីង នីម រស់ក្នុងស្ថានភាពជាពលរដ្ឋក្រីក្រ អាយុ៥៤ រស់នៅភូមិថ្នល់បែកក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាស្រ្តីទុរគត់ជន រស់នៅកំព្រាឯកកោ គ្មានកូន គ្មានចៅ និងស្វាម៉ី រស់នៅសព្វថ្ងៃដោយសារ លាងចាន លាងឆ្នាំងបម្រើព្រះសង្ឃក្នុងវត្ត
ឯកឧត្ដម ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាន ឧបត្ថម្ភមួយគ្រួសារ អង្ករ៥០គ.ក មីយើង២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកាចំនួន១០០,០០០រៀល ក្នុងនោះឯកឧត្តម មេបញ្ជាការបានពាំនាំការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែ ព្រួយបារម្ភណ៍ ពីការប្រកបមុខរបរទទួលទាន និងការវិធីជីវិតរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ និងសូមឲ្យថែរក្សាសុខភាព បន្តអប់រំកូនចៅឲ្យ ក្លាយទៅជាក្មេងល្អ មនុស្សល្អ ពលរដ្ឋល្អ រស់នៅក្នុងសង្គមប្រកបដោយពន្លឺសន្តិភាព និងចៀសឆ្ងាយពីគ្រឿងញៀន រួមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទៀតផង ។
ដោយ ប៊ុន រដ្ឋា 




































